ជម្រើសជាតិកម្ពុជាកំពុងហ្វឹកហាត់រាល់ថ្ងៃ ចាំមើលថាតើមានកីឡាករត្រូវកាត់ឈ្មោះ ២រូបដែរឬទេ ?

គ្រាដែលនៅក្នុងការប្រកួតផ្លូវការរបស់ពានរង្វាន់ AFF Suzuki Cup តម្រូវឱ្យក្រុមជម្រើសជាតិនិមួយៗប្រើប្រាស់កីឡាករត្រឹមតែ ២៣រូប មានន័យថា នៅក្នុងការកោះហៅកីឡាករចូលរួមហ្វឹកហាត់ ដើម្បីត្រៀមខ្លួនរបស់ក្រុមនៃប្រទេសនិមួយៗ ត្រូវកាត់ឈ្មោះកីឡាករមួយចំនួនចេញពីបញ្ជីរបស់ពួកគេ។

តួរយ៉ាង កាលពីថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសសមាសភាពកីឡាករជម្រើសជាតិ សរុប ២៥រូប ដូចនេះ នឹងត្រូវមានកីឡាករ ២រូប ត្រូវបានកាត់ចេញពីបញ្ជី។

តែបើតាមប្រភពពីមន្រ្តីសហព័ន្ធ ថាបច្ចុប្បន្ននេះនៅពុំដឹងផ្លូវការនៅឡើយទេ ថាតើគ្រូបង្វឹកនឹងកាត់ចេញ ឬទុកក្នុងបញ្ជី ដោយមិនមានសិទ្ធិចូលរួមប្រកួតផ្លូវការ ។មិនមែនតែនៅកម្ពុជា ប៉ុណ្ណោះទេ ក្រុមជម្រើសជាតិថៃ ដែលកោះហៅកីឡាករ ២៧រូប ក៏នឹងត្រូវកាត់ចេញឱ្យនៅសល់ត្រឹម ២៣រូបផងដែរ ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ ថាគ្រូបង្វឹករបស់ពួកគេ នឹងធ្វើការជម្រុះកីឡាករចេញ ៤រូប មុនការប្រកួតផ្លូវការចូលមកដល់។

វៀតណាម ដែលបានកោះហៅកីឡាករ ៣០រូប ទៅហ្វឹកហាត់នៅកូរ៉េខាងត្បូង ក៏នឹងត្រូវកាត់កីឡាករ ៧រូបចេញ រីចំណែកឯម៉ាឡេស៊ី ដែលកោះហៅកីឡាករ ២៦ នាក់ ក៏នឹងត្រូវដក ៣រូបចេញដូចគ្នា ។ចាំមើលថា តើកីឡាកររូបណាខ្លះ នឹងត្រូវកាត់ចេញពីបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា មុនពួកគេបើកទ្វារពហុកីឡដ្ឋានជាតិ តទល់ជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខនេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT