ម្ចាស់ក្លឹប PSG គ្រោងនឹងទិញក្លឹបមួយនៅ La Liga ដើម្បីផ្តួលក្រុម Barcelona

ម្ចាស់ក្លឹប Paris Saint-Germain (PSG) ចាប់អារម្មណ៍ទិញក្លឹប RCD Espanyol ដែលជាគូប្រជែងក្នុងទីក្រុងរបស់ FC Barcelona នេះបើយោងតាម ​​Foot en Espagne (តាមរយៈ Barca Universal) ។ គោល​បំណង​របស់​ក្លឹប​យក្ស​ប៉ារីស ​គឺ​ដើម្បី​ផ្តួល​ក្រុម Barcelona ដែលជា​ក្លឹប​ធំ​បំផុត​ក្នុង​ទីក្រុង​មួយនេះ​របស់​អេស្ប៉ាញ។

ភាព​តានតឹង​រវាង​ក្លឹប​យក្សអឺរ៉ុប​ទាំងពីរ​​កាន់តែក្តៅគគុកក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ វាបានចាប់ផ្តើមនៅពេលដែលក្លឹប Ligue 1 មួយនេះ ចុះហត្ថលេខាលើតារាឆ្នើមប្រេស៊ីល Neymar Jr. ក្នុងកិច្ចព្រមព្រៀងបំបែកកំណត់ត្រាពិភពលោកដែលមានតម្លៃប្រហែល ២២២ លានអឺរ៉ូក្នុងឆ្នាំ ២០១៧។

ក្រុមយក្សកាតាឡាន់ក៏បានឈឺចាប់ម្តងទៀតនៅពេលដែលវិរបុរសរបស់ពួកគេ Lionel Messi ចាកចេញទៅចូលរួមជាមួយ Paris Saint-Germain លើការផ្ទេរដោយមិនមានតម្លៃខ្លួនកាលពីឆ្នាំមុន។

ក្នុងពេលថ្មីៗនេះ ប្រធាន PSG លោក Nasser Al-Khelaifi បានចោទសួរអំពីហិរញ្ញវត្ថុរបស់ Barcelona និងការចំណាយដ៏ធំរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

ភាពតានតឹងរវាងក្លឹបទាំងពីរអាចកើនឡើងកាន់តែខ្លាំង។ ម្ចាស់ក្លឹបប៉ារីសចាប់អារម្មណ៍ទិញក្លឹបនៅ La Liga ហើយកំពុងចរចាររួចហើយដើម្បីទិញក្លឹប RCD Espanyol។

គោលបំណងមួយក្នុងចំណោមគោលបំណងរបស់ម្ចាស់ក្លឹប PSG ក្នុងការទិញ Espanyol គឺដើម្បីផ្តួលក្លឹប Barcelona នៅ La Liga។

គួររំលឹកថា Espanyol បច្ចុប្បន្នស្ថិតក្រោមម្ចាស់ភាគហ៊ុនចិន Rastar តាំងពីឆ្នាំ ២០១៦។ បច្ចុប្បន្នដំណើរក្លឹបមិនបានល្អនោះទេ ដែលអាចនឹងបើកទ្វារឱ្យ PSG កាន់កាប់ និងកសាងក្លឹបឡើងវិញជាមួយនឹងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់របស់ពួកគេ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT