Real Madrid ​បារម្ភ​ថា Kroos ​នឹង​ចូល​និវត្តន៍​នៅ​ពេល​ចប់​រដូវ​កាល​នេះ​

ក្រុម​អធិរាជ​ស Real Madrid ​ចាប់​ផ្ដើម​បារម្ភ​ហើយ​ថា​ខ្សែ​បម្រើ Toni Kroos ​នឹង​អាច​ប្រកាស​ពី​ការ​ចូល​និវត្ដន៍​នៅ​ចប់​រដូវ​កាល​នេះ​តែ​ម្ដង ​ក្រោយ​ពី​កីឡាករ​រូប​នេះ​មាន​ឆន្ទៈ​ខ្ពស់​ពី​អ្វី​ដែល​ខ្លួន​សម្រេច​។

​កាសែត​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Kroos ​ចង់​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​ត្រឹម​រដូវ​កាល​នេះ ​ព្រោះ​ចង់​មាន​ពេល​ជាមួយ​គ្រួសារ​ឱ្យ​បាន​ច្រើន ខណៈ​ដែល​រូបគេ​ជា​កីឡាករ​ម្នាក់​គត់​ដែល​ឈ្នះ​ពាន​រង្វាន់​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ​មួយ​វិញ​ទៀត ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​កីឡាករ​អាល្លឺម៉ង់​ម្នាក់​នេះ ​ចង់​ឈប់​លេង​នៅ​ពេល​ដែល​គេ​នៅ​លេង​កម្រិត​កំពូល ​មិន​មែន​ឈប់​នៅ​ពេល​ធ្លាក់​ទម្រង់​នោះ​ទេ។ ដូច្នេះ​ហើយ ទើប​បាន​ជា​រូបគេ​ចង់​ព្យួរ​ស្បែក​ជើង​នៅ​រដូវ​កាល​ក្រោយ​តែ​ម្ដង។

​យ៉ាងណាមិញ Real Madrid ​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​នឹង​បាត់​បង់​ខ្សែ​បម្រើ​ឆ្នើម​របស់​ខ្លួន​នោះ​ទេ។ ​ពួកគេ​ចង់​ឱ្យ Kroos ​បន្ដ​ជួយ​ក្រុម​ទៀត​សិន ដូច្នេះ​ហើយ​ទើប​ព្យាយាម​បញ្ចុះបញ្ចូល​គេ​ឱ្យ​ស្រលាញ់​ការ​លេង​បាល់ទាត់​បន្ថែម​ទៀត។ ​ដោយ​កុងត្រា​របស់ Kroos ​នៅ Real Madrid ​មាន​ដល់​ឆ្នាំ​២០២៣​ប៉ុណ្ណោះ ​ហើយ​សាមី​ខ្លួន​ក៏​មិន​ទាន់​បន្ដ​កុងត្រា​ថ្មី​ទៀត​ដែរ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT