ម្ដាយ Ronaldo ​៖ ​មុន​ខ្ញុំស្លា.ប់​ ចង់​ឃើញ​កូន​ប្រុស​លេង​នៅ Sporting ​ម្ដង​ទៀត​

​លោក​ស្រី Dolores Aveiro ​ម្ដាយ​របស់ Cristiano Ronaldo ​បាន​និយាយ​ថា​ចង់​ឃើញ​កូន​ប្រុស​លេង​ឱ្យ​ក្រុម Sporting ​ម្ដង​ទៀត ​មុន​ដង្ហើម​ចុង​ក្រោយ។

​Ronaldo ​កំពុង​ប្រកប​អាជីព​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​ហើយ​នេះ​ជា​រដូវ​កាល​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គេ​២​ឆ្នាំ​នៅ​ទឹក​ដី Old Trafford ​ផង​ដែរ។ ​យ៉ាង​ណាមិញ ​នៅ​ចប់​កុងត្រា​នេះ​ទៅ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​នឹង​ត្រូវ​ទៅ​ណា​បន្ដ​ទៀត​ទេ តែ​សម្រាប់​ម្ដាយ​របស់​គេ​វិញ ​ចង់​ឃើញ​កូន​ប្រុស​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ដើម​កំណើត Sporting ​នា​ប្រទេស​ព័រទុយហ្គាល់​វិញ។ Sporting ​នេះ​ហើយ ​ជា​ក្លឹប​ដំបូង​និង​ជា​ការ​ចាប់​ផ្ដើម​របស់ Ronaldo ​មុន​ពេល​លោក Sir Alex Fugerson ​មើល​ឃើញ​សមត្ថភាព​គេ​ និង​នាំ​មក​លេង​នៅ​បិសាច​ក្រហម។

​លោក​ស្រី Dolores Aveiro បាន​និយាយ​ថា​៖ “Ronaldo ​ត្រូវ​ត្រលប់​ទៅ​លេង​នៅ​ព័រទុយហ្គាល់​វិញ។ ​ប្រសិន​បើ​ខ្ញុំ​អាច​សម្រេច​ចិត្ត​បាន ​កូន​ប្រុស​របស់​ខ្ញុំ​នឹង​ពាក់​អាវ Sporting ​ម្ដង​ទៀត។ ​ខ្ញុំ​បាន​ប្រាប់​ទៅ Ronaldo ​ថា​មុន​ខ្ញុំ​ស្លាប់ ខ្ញុំ​ចង់​ឃើញ​គាត់​លេង​នៅ Sporting ​ទៀត​។ វា​មិន​អាច​កើត​ឡើង​នៅ​រដូវ​កាល​នេះ​បាន ប៉ុន្តែ​វា​អាច​នឹង​កើត​ឡើង​នៅ​រដូវ​កាល​ក្រោយ។ ប្រសិន​បើ Ronaldo ​មិន​អាច​ធ្វើ​បាន ​កូន​ប្រុស​របស់​គេ ​អាច​នឹង​ធ្វើ​ជំនួស​ឪពុក​បាន​ដើម្បី​លេង​ឱ្យ​ក្រុម Sporting”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT