Real Madrid ​ចង់​បាន Joao Cancelo ​ពី​ក្រុម Man City ​

​ក្រុម Real Madrid ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ការពារ​ស្លាប Joao Cancelo ​ពី​ក្រុម Manchester City ​នា​រដូវ​កាល​ទីផ្សារ​ដោះដូរ​មក​ដល់ ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៤៥​លាន​ផោន​។

​ក្រុម​អធិរាជ​ស Real Madrid ​តែងតែ​ដាក់​គោលដៅ​មុន ​និង​តាម​ដាន​ជើង​កីឡាករ​ដែល​ពួកគេ​នឹង​នាំ​ចូល​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ។ ​ដោយ​ឡែកនៅ​ពេល​នេះ ពួកគេ​បាន​មើល​ឃើញ​ម្នាក់​ទៀត​ហើយ​គឺ Cancelo ​របស់​ក្រុម Man City ​។ ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​តែងតែ​ទទួល​បាន​ទំនុក​ចិត្ត​ជា​និច្ច​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​រហូត​ដល់​កុងត្រា​របស់​គេ​ទើប​បន្ដ​ដល់​ឆ្នាំ​២០២៧​ឯ​ណោះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម​ជើង​ឯក​១៤​សម័យ​នៅ UCL ​នៅ​តែ​ជឿ​ជាក់​ថា​ពួកគេ​មាន​លក្ខខណ្ឌ​ល្អ​គ្រប់គ្រាន់​ដើម្បី​នាំ​យក Cancelo ​មក​បាន​។

​ការ​ចង់​បាន​កីឡាករ​ស្លាប​ម្នាក់​ដែល​ល្អ​នេះ ​ក៏​ព្រោះ​តែ​ក្រុម Real Madrid ​មើល​ឃើញ​ថា​នៅ​ឆ្នាំ​ខាង​មុខ ពួកគេ​នឹង​បាត់​ធនធាន​ល្អ​មួយ​ហើយ ​គឺ Carvajal ​ដែល​នឹង​ឈាន​ចូល​ដល់​វ័យ​៣១​ឆ្នាំ​ឆាប់​ៗ​ខាង​មុខ។ ​ស្រប​ពេល Ferland Mendy ​វិញ ​ក៏​មិន​ច្បាស់​ពី​អនាគត​របស់​ខ្លួន​ទៀត​ដែរ។ ​លោក Carlo Ancelotti ​ចង់​ពង្រឹង​តំបន់​ការពារ​របស់​ពួកគេ​ឱ្យ​រឹងម៉ាំ​ជាង​នេះ​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT