Eduard Romeu បង្ហាញពីលទ្ធភាពដែល Messi អាចត្រឡប់មក Barcelona វិញបាន

អនាគតរបស់ Messi ក្នុងការវិលត្រឡប់ទៅកាន់ Barcelona វិញអាចនឹងកើតឡើង បន្ទាប់ពីអនុប្រធានក្លឹបបានបញ្ចេញតម្រុយយ៉ាងច្រើនអំពីលទ្ធភាពដែលអាចទៅរួចក្នុងការផ្ទេរវិរបុរសក្លឹបមួយនេះ។

Barcelona និង Messi បានចែកផ្លូវគ្នានៅរដូវក្តៅឆ្នាំ ២០២១ ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបយក្សអេស្ប៉ាញមួយនេះ។

បន្ទាប់មក Messi បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្លឹប Paris Saint-Germain ប៉ុន្តែជាមួយនឹងកិច្ចសន្យានោះនឹងផុតកំណត់នៅរដូវក្តៅក្រោយ។

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះមិនទាន់មានកិច្ចសន្យាថ្មីជាក់ស្តែងណាមួយនៅលើតុនៅឡើយទេ ប៉ុន្តែគាត់មិនបានព្រួយបារម្ភអំពីរឿងនេះទេ ខណៈដែលគាត់កំពុងផ្តោតអារម្មណ៍ទៅលើការដណ្តើមយកពានរង្វាន់ World Cup នៅកាតាជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។

ទោះជាយ៉ាងណាក៏ដោយ អនុប្រធានក្លឹប Barcelona បានបង្ហាញជំនឿចិត្តយ៉ាងខ្លាំងថាពួកគេនឹងធ្វើការចុះហត្ថលេខាលើកីឡាកររូបនេះឡើងវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុ El Matí de Catalunya អនុប្រធានក្លឹប Barca លោក Eduard Romeu បានបង្ហើបថា ការត្រលប់មកវិញរបស់ Messi នឹងមានលទ្ធភាពអាចទៅរួច។

គាត់បាននិយាយថា “វាអាចទៅរួចផ្នែកហិរញ្ញវត្ថុ ពីព្រោះប្រសិនបើគាត់ត្រឡប់មកវិញ វាជាការផ្ទេរដោយមិនមានតម្លៃខ្លួន”។

“ប៉ុន្តែទោះបីជាយ៉ាងណា វាជាការសម្រេចចិត្តដែលត្រូវធ្វើដោយគ្រូបង្វឹក និងកីឡាករ។ វាមិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំនោះទេ ប៉ុន្តែវានឹងអាចទៅរួច”៕

ប្រភព៖ SPORT

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT