ពាក្យបណ្តឹងរបស់ Barcelona អំពីប្រាក់ខែរបស់ PSG សម្រាប់ Messi និងកីឡាករផ្សេងទៀតត្រូវបានទទួលយកដោយតុលាការនៃសហភាពអឺរ៉ុប

បណ្តឹងរបស់ Barcelona ទាក់ទងនឹងប្រាក់ខែរបស់ Lionel Messi ដែលផ្តល់អោយដោយក្លឹប Paris Saint-Germain (PSG) ត្រូវបានបើកសវនាការដោយតុលាការនៃសហភាពអឺរ៉ុប។

ពាក្យបណ្តឹងនេះគឺទាក់ទងនឹងក្លឹបប៉ារីសមួយនេះដែលមិនគោរពតាមច្បាប់ Financial Fair Play។ ក្លឹបបារាំងគឺជាក្លឹបមួយក្នុងចំណោមក្លឹបអឺរ៉ុបទាំងប្រាំបីដែលត្រូវបានពិន័យជាប្រាក់ចំនួន ៦៥ លានអឺរ៉ូសម្រាប់ការបំពានច្បាប់នៃគោលនយោបាយហិរញ្ញវត្ថុ។

ពាក្យបណ្តឹងនេះបង្ហាញថាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសកំពុងបំពានច្បាប់លើវិក្កយបត្រប្រាក់ឈ្នួល និងការចំណាយរបស់ពួកគេ ដែលជាលទ្ធផលកំពុងធ្វើឱ្យគម្លាតរវាងពួកគេ និងក្លឹបអឺរ៉ុបផ្សេងទៀតកាន់តែឆ្ងាយ។

PSG បានគ្រប់គ្រងក្រុមដែលមានគុណភាពខ្ពស់បំផុតជាមួយនឹងតារាឆ្នើមដូចជា Kylian Mbappe, Neymar Jr., Lionel Messi និងកីឡាករជាច្រើនផ្សេងទៀត។ កីឡាករល្បី​ៗ​ទាំង​អស់​នេះ​ទទួលបាន​ប្រាក់​ខែ​ជាច្រើន​ក្នុង​មួយ​រដូវ​កាល​ផង​ដែរ។

ប្រធានក្លឹប PSG លោក Nasser Al-Khelaifi ថ្មីៗនេះក៏បានចោទសួរអំពីការចំណាយប្រាក់លើការដោះដូរនារដូវក្តៅរបស់ Barcelona បើទោះបីជាត្រូវបានជំពាក់បំណុលយ៉ាងណាក្តី។ ពួកគេបានចុះហត្ថលេខាតារាល្បីៗដូចជា Robert Lewandowski, Jules Kounde និង Raphinha។

Barcelona ត្រូវបានគេរាយការណ៍ថាបានលក់សិទ្ធិទូរទស្សន៍របស់ពួកគេ និងស្ទូឌីយោ Barca ដើម្បីប្រមូលទ្រព្យសម្បត្តិចំនួន ៧០០ លានអឺរ៉ូ។ ក្លឹបបានចំណាយសរុបចំនួន ១៥០ លានអឺរ៉ូនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

លោក Al-Khelaifi បានចោទសួរថាតើវាគឺជាការសម្រេចចិត្តត្រឹមត្រូវរបស់ UEFA ក្នុងការអនុញ្ញាតឱ្យក្លឹបកាតាឡាន់មួយនេះធ្វើដូច្នេះដែរឬទេ។ លោក​បាន​បញ្ជាក់​ថា ក្លឹប​នៅ​អឺរ៉ុប​ផ្សេង​ទៀត​អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​បែប​នេះ​នៅ​ពេល​អនាគត។

នេះជាអ្វីដែលលោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Politico៖

“តើនេះយុត្តិធម៌ទេ? អត់ទេ វាមិនយុត្តិធម៌ទេ… តើវាស្របច្បាប់ទេ? ខ្ញុំមិនដឹងច្បាស់ទេ។ ប្រសិនបើពួកគេអនុញ្ញាត នោះអ្នកផ្សេងទៀតនឹងធ្វើដូចគ្នា។ UEFA មានគោលនយោបាយហិរញ្ញវត្ថុផ្ទាល់ខ្លួនរួចហើយ។ ពិតណាស់ ពួកគេនឹងត្រូវ​មើលការខុសត្រូវរឿង​គ្រប់​យ៉ាង”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT