អតីត​កីឡាករ​អ៊ីតាលី​ម្នាក់ ​ប្រាប់​ឱ្យ Ronaldo ​ចូល​និវត្តន៍​ទៅ​

​អតីត​កីឡាករ Antonio Cassano ​របស់​អ៊ីតាលី ​បាន​និយាយ​ថា​វា​ដល់​ពេល​ដែល Cristiano Ronaldo ​គិត​ពី​ការ​ចូល​និវត្តន៍​ហើយ ​ក្រោយ​ពី​រូបគេ​មាន​ទម្រង់​លេង​ធ្លាក់​ណាស់​នា​រដូវ​កាល​នេះ​។

​Ronaldo ​បាន​ជាប់​ជម្រើស​ដំបូង​នៅ Manchester United ​បាន​១​ប្រកួត​គត់ ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​អង្គុយ​បម្រុង ​និង​ប្ដូរ​ចូល។ ​ស្រប​ពេល​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វិញ ​ក៏​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​នេះ​លេង​មិន​ល្អ​ផង​ដែរ ពោល​គឺ​មាន​ឱកាស​ល្អ​ៗ​ច្រើន​ណាស់​ដើម្បី​រក​គ្រាប់ ប៉ុន្តែ​ស៊ុត​មិន​សម្រេច​ទៅ​វិញ។ ​កត្ដា​ទាំង​អស់​នេះ​ហើយ ​បាន​ស​បញ្ជាក់​ថា​អាច​នឹង​​ដល់​ពេល​ដែល​កំពូល​កីឡាករ​លើ​លោក​ម្នាក់​នេះ​គិត​ពី​ការ​ចូល​និវត្តន៍​ហើយ។

​លោក Antonio Cassano ​បាន​និយាយ​ថា​៖ “នៅ​ចំណុច​នេះ Cristiano ​គួរ​តែ​ដឹង​ខ្លួន​ឯង​ច្បាស់ ​ហើយ​យល់​ពី​ស្ថានភាព ​ប្រសិន​បើ​អ្នក​មិន​អាច​ឈាន​ដល់​កម្រិត​កំពូល​ទេ ​អ្នក​គួរ​តែ​បិទ​ហាង​ទៅ។ ​គាត់​បាន​ឈ្នះ​គ្រប់​យ៉ាង​ទៅ​ហើយ គាត់​ជា​កំពូល​កីឡាករ​ម្នាក់។ ឈប់​ទៅ ​អ្នក​គួរ​តែ​ដល់​ពេល​សម្រាក​ហើយ ឬ​អ្នក​ចង់​គ្រាន់​តែ​រត់​លើ​ទីលាន​ទៀត​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT