Gary Neville ប្រាប់ Harry Maguire ឱ្យទៅពេទ្យចិត្តសាស្រ្តដើម្បីបង្កើនទំនុកចិត្តឡើងវិញ

Maguire ត្រូវ​បាន​អ្នកគាំទ្រស្រែកឌឺដង បន្ទាប់​ពី​បាន​ផ្តល់​ឱកាស​ឱ្យ​ក្រុម​អាល្លឺម៉ង់​រក​គ្រាប់​បាល់ ​ដោយ​បញ្ជូន​បាល់​ទៅ​ឱ្យ Jamal Musiala ហើយ​បន្ទាប់​មក​បានបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ ដែលឈានទៅដល់បាល់ពិន័យ១១ម៉ែត្រ។​

Maguire ​ត្រូវ​បាន​គេ​រិះគន់សារជាថ្មី ​ក្រោយ​ពេល​ស្មើ ៣-៣ នៅ Nations League ទល់នឹងអាល្លឺម៉ង់ ហើយរូបគេក៏បាន​បង្ហោះសារក្នុង​បណ្ដាញ​សង្គមខ្លួន ​ដើម្បី​សុំទោស​ចំពោះ​កំហុស​របស់​គេផងដែរ។

ទោះបីជាមានកំហុសឆ្គងក្នុងការប្រកួតយ៉ាងណាក្តី Maguire នៅតែមានការគាំទ្រពី Neville ប៉ុន្តែរូបគេត្រូវបាន Neville លើកទឹកចិត្តឱ្យទៅទទួលយកសេវាចិត្តសាស្រ្តខាងក្រៅដែលមានជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនទំនុកចិត្តរបស់ខ្លួនឡើងវិញដូចកាលពីមុន។

Neville ក៏ធ្លាប់ទៅរកពេទ្យចិត្តសាស្រ្តដែរ៖

ខ្ញុំបានបង្កកំហុសគ្រាប់បាល់ដ៏អាក្រក់ពីរគ្រាប់ទល់នឹង Vasco de Gama ក្នុងការប្រកួតជើងឯកក្លឹបពិភពលោកក្នុងឆ្នាំ ២០០០ បន្ទាប់មក៦ខែក្រោយមកបានបន្តបង្ហាញទម្រង់លេងដ៏អាក្រក់ក្នុងការប្រកួតជើងឯកទ្វីប​អឺរ៉ុបអោយជម្រើសជាតិអង់គ្លេសជាមួយបែលហ្ស៊ិក និងហូឡង់។

ខ្ញុំមានការឈឺចាប់ បាត់បងទំនុកចិត្ត ខ្ញុំលែងចង់លេងបាល់ មិនចង់ចេញក្រៅ និងមិនចង់ជួបអ្នកណាទាំងអស់ អស់រយៈពេល ៨ ខែ។

បន្ទាប់មក ខ្ញុំក៏បានទៅជួបអ្នកជំនាញចិត្តសាស្រ្តដើម្បីជួយដោះស្រាយបញ្ហាបញ្ហាផ្លូវចិត្តខ្ញុំ ក្នុងគ្រានោះ៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT