១៦ ​ខែ​ក្រោយ កុំ​ទៅ​ណា​សុំ​ច្បាប់​សង្សារ​ឲ្យ​ហើយ​ទៅ ​ជំនួប​យក្ស ៤ គូ​លេង​ថ្ងៃ​តែ​មួយ

ចុង​ឆ្នាំ​សកម្ម​ខ្លាំង​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់ មិន​ថា​តែ​នៅ​លីគ​កំពូល​អឺរ៉ុប និង​ការ​ប្រកួត​រវាង​ជម្រើស​ជាតិ។ ឆ្លង​ផុត​ខែ​ចាស់ ផ្លាស់​ចូល​ខែ​ថ្មី ខែ​តុលា នឹង​មាន​ពេលវេលា​ពិសេស​ កើត​ឡើង​នៅ​ថ្ងៃ​តែ​មួយ ដែល​ជំនួប​ខ្នាត​យក្ស ៤ គូ​លេង​នៅ​ថ្ងៃ​ទី ១៦ ព្រម​គ្នា បើ​យើង​គិត​តាម​ម៉ោង​ក្រៅ​ប្រទេស៖

៤) Real Madrid ប៉ះ Barcelona

ដាក់​ម៉ោង​ត្រូវ​ចិត្ត​មួយ​ទំហឹង សម្រាប់​អ្នក​គាំទ្រ​នៅ​អាស៊ី ដោយ​ជំនួប El Clasico ជើង​ទី ១ រដូវ​កាល​ថ្មី កំណត់​លេង​នៅ​វេលា​ម៉ោង ០៩:១៥ នាទី​យប់ ​ថ្ងៃ​អាទិត្យ ទី ១៦ ​តុលា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT។

ជា​ប្រកួត​ដែល​អ្នក​មិន​គួរ​រំលង ព្រោះ​អី​ក្លឹប​ទាំង​ពីរ​ កំពុង​ប្រជែង​គ្នា​យ៉ាង​ប្រកិត​នៅ​តារាង​លីគ​កំពូល​អេស្ប៉ាញ ដោយ​គិត​ត្រឹម​ជុំ​ទី ៦ អធិរាជ​ស នាំ​មុខ​លើ​អ្នក​មាន​បុណ្យ​តែ ២ ពិន្ទុ​គត់។ យ៉ាង​ណា​មុន​នេះ ក្រុម​ដឹកនាំ​ដោយ​លោក Carlo Ancelotti ត្រូវ​មមាញឹក​ឆ្លង​កាត់ ៤ ប្រកួត​សិន ដូច​ការ​ប៉ះ Osasuna, Getafe និង Shakhtar Donetsk ដល់​ទៅ​ពីរ​ជើង។ ខណៈ​ដែល​ក្រុម​លោក Xavi Hernandez ត្រូវ​ប៉ះ Mallorca, Celta Vigo និង Inter Milan នៅ UCL ពីរ​ជើង​ដូច​គ្នា។

៣) Union Berlin ប៉ះ Dortmund

ស្តាប់​មួយ​ភ្លែត អ្នក​គិត​ថា​គ្មាន​អ្វី​ពិសេស​ទេ​សម្រាប់​គូ​នេះ ព្រោះ​មិន​សូវ​មាន​វត្តមាន Superstar សំខាន់ៗ តែ​បើ​យើង​មើល​ចំណាត់ថ្នាក់​បច្ចុប្បន្ន​នៅ Bundesliga ក្រុម​ទាំង​ពីរ កំពុង​បណ្តែត​គ្នា​នៅ​ចំណាត់ថ្នាក់​កំពូល នាំ​មុខ​ជើង​ឯក​រដូវ​កាល​ចាស់ Bayern Munich លើស​ ៣ ពិន្ទុ។

Union Berlin ជា​ក្រុម​ឈរ​លេខ ១ ត្រូវ​ជួប​ក្រុម​ឈរ​លេខ ២ Dortmund នៅ​វេលា​ម៉ោង ១០:៣០ នាទី​យប់​ថ្ងៃ​អាទិត្យ ទី ១៦ ​តុលា។

២) Liverpool ប៉ះ Man City

ម៉ោង​តែ​មួយ​ថ្ងៃ​តែ​មួយ គឺ ១០:៣០ នាទី​យប់ ដូច​គ្នា ងាក​មក​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស គឺ​មាន​ជំនួប​ពិសេស​នៅ​ថ្ងៃ​អាទិត្យ ជា​ការ​ជួប​រវាង​ហង្ស​ក្រហម Liverpool ទល់​ក្រុម​ភ្ញៀវ មេឃ​ខៀវ Man City។ យ៉ាង​ណា​មុន​ការ​ប្រកួត​មក​ដល់ ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ត្រូវ​ហែល​ការ​ប្រកួត​សំខាន់ ៤ សិន មាន​ការ​ប៉ះ Rangers ពីរ​ជើង​នៅ UCL និង​ការ​ប៉ះ​ក្រុម​គីឡូ​ធ្ងន់ Brighton ក៏​ដូច​ជា Arsenal ខណៈ City ក៏​មិន​ណយ​ដែរ ដោយ​ត្រូវ​ជួប Man Utd ​នា​ថ្ងៃ​ទី ០២ ខាង​មុខ មុន​ទៅ​លេង UCL ទល់ Copenhagen និង Southampton។

១) PSG ប៉ះ Marseille

ក្លឹប​ល្អ​បំផុត​ទាំង​ពីរ​នៅ​លីគ​បារាំង ក៏​ណាត់​ជួប​គ្នា នៅ​វេលា​បន្ទាប់​នោះ ម៉ោង ០១:៤៥ នាទី​យប់ ឈាន​ចូល​ថ្ងៃ​ចន្ទ ទី ១៧ តុលា។ គិត​ត្រឹម​ជុំ​ទី ៨ PSG ឈរ​លេខ ១ មាន ២២ ពិន្ទុ រី​ឯ Marseille ឈរ​លេខ ២ មាន ២០ ពិន្ទុ។

បើ​ជ្រុល​តែ​រាប់​លីគ​កំពូល​ចំនួន ៤ ហើយ CTS SPORT ក៏​សូម​ញាត់​ថែម​មួយ​គូ​ទៀត​នៅ Serie A ក៏​ជា​គូ​ធំ​គួរ​សម ដោយ Lazio បើក​កីឡដ្ឋាន​ណាត់​ជួប Udinese នា​វេលា​ម៉ោង ០៨:០០ នាទី​យប់ ​ថ្ងៃ​អាទិត្យ ទី ១៦ តុលា។ យើង​ពិត​ជា​ចង់​ដឹង ដ្បិត​អី Udinese រដូវ​កាល​ថ្មី​កំពុង​ឡើង​ជើង រំកិល​មក​ឈរ​លេខ ៣ បណ្ដោះអាសន្ន នាំ​មុខ​លើ Lazio ជា​ក្រុម​ឈរ​ចំណាត់ថ្នាក់​បន្ទាប់ ២ ពិន្ទុ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT