Santos ​៖​យើង​ផ្ដោត​លើ​ការ​ឈ្នះ​អេស្ប៉ាញ​តែ​ម្ដង ​មិន​មែន​ទប់​ទេ​

​លោក Fernando Santos ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ផ្ដែផ្ដាំ​ទៅ​កូន​ក្រុម​ឱ្យ​ផ្ដោត​លើ​ការ​យក​ឈ្នះ​លើ​ក្រុម​អេស្ប៉ាញ​តែ​ម្ដង ​មិន​មែន​ទប់​ដើម្បី​យក​ស្មើ​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នោះ​ទេ។

​ក្រុម​ព័រទុយហ្គាល់​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អេស្ប៉ាញ​នៅ​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ​ហើយ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Nations League​។ ​ការ​ប្រកួត​នេះ ​ក្រុម​ព័រទុយហ្គាល់ ​ទាមទារ​ត្រឹម​ស្មើ​ក៏​បាន ​ក៏​ពួកគេ​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ដែរ ព្រោះ​មាន​២​ពិន្ទុ​លើស​ក្រុម​លេខ​២​អេស្ប៉ាញ​ទៅ​ហើយ។ ​តែ​បើ​តាម​លោក Santos ​គ្រូ​បង្វឹក​ព័រទុយហ្គាល់​វិញ ​ថា​លោក​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​តែ​ម្ដង ​មិន​មែន​ដើម្បី​យក​ស្មើ​អ្វី​នោះ​ទេ។

​គ្រូ​បង្វឹក​ដែល​នាំ​ព័រទុយហ្គាល់​លើក​ពាន UEFA Nations League ​នៅ​ឆ្នាំ​២០១៩​ដែល​ជា​ឆ្នាំ​បង្កើត​ពាន​ដំបូង​នោះ​បាន​និយាយ​ថា​៖ “យើង​ផ្ដោត​លើ​ការ​ឈ្នះ​ការ​ប្រកួត ​ជា​ជាង​ការ​បាន​ឡើង​ទៅ​វគ្គ​បន្ដ។ ​ខ្ញុំ​ចង់​ឱ្យ​កីឡាករ​ទាំង​អស់​ផ្ដោត​លើ​ការ​ប្រកួត​នេះ ដូច​ដែល​ពួកគេ​បាន​ធ្វើ​គ្រប់​គូ​ភាគី។ ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​យើង​អាច​ឈាន​ដល់​ចំណុច​ដែល​យើង​ចង់​បាន​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT