គ្រូ​អេស្ប៉ាញ​ថា ​កីឡាករ​ក្រុម​ព័រទុយហ្គាល់​សុទ្ធ​តែ​ល្អ​ៗ​ជាង​ខ្លួន​

​លោក Luis Enrique ​បាន​និយាយ​ថា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​សុទ្ធ​តែ​ល្អ​ៗ​ជាង​ក្រុម​អេស្ប៉ាញ​របស់​ខ្លួន​ទាំង​អស់ ​មុន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ចាប់​ផ្ដើម​នៅ​យប់​នេះ​។

​ក្រុម​អេស្ប៉ាញ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ព័រទុយហ្គាល់​នៅ​យប់​នេះ ដើម្បី​កាត់​សេចក្ដី​ក្រុម​ណា​ជា​អ្នក​ឈរ​នៅ​កំពូល​តារាង ​ហើយ​បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Nations League។ ​ដោយ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​លោក Luis Enrique ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “អេស្ប៉ាញ​នៅ​ពេល​នេះ ​យើង​អាច​និយាយ​បាន​ថា​ក្រុម​ព័រទុយហ្គាល់​មាន​សមាជិក​ល្អ​ជាង​។ ​ចាប់​ផ្ដើម​ពី​កីឡាករ​លេង​នៅ Premier League , La Liga ​និង​លីគ​ផ្សេង​ៗ​ទៀត។ ពួកគេ​មាន​សមត្ថភាព​ល្អ​ច្រើន វា​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់”។

​រំលឹក​ថា​អេស្ប៉ាញ​កំពុង​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​ដោយ​ចាញ់​ពិន្ទុ​ក្រុម​លេខ​១​ព័រទុយហ្គាល់​ចំនួន​២​ពិន្ទុ។ ដូច្នេះ​ហើយ ​ការ​ប្រកួត​នៅ​រាត្រី​នេះ អេស្ប៉ាញ​ត្រូវ​ការ​ឈ្នះ​ព័រទុយហ្គាល់​ជា​ចាំ​បាច់​តែ​ម្ដង ​ដើម្បី​មាន​កៅអី​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ជាមួយ​ក្រុម​អ៊ីតាលី ​ក្រូអាត ​និង​ហុល្លង់​ក្នុង​ពាន​រង្វាន់ UEFA Nations League ​នា​រដូវ​កាល​នេះ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT