ក្រោយទើបឆ្លងចូលអាយុ ៣៨ ឆ្នាំកាលពីដើមខែកញ្ញា សម្រាប់តារាឆ្នើមលេងតំណែងការពារ គឺ Thiago Silva ក៏បានបង្ហាញមហិច្ឆតាធំ ដោយចង់បន្តការលេងឲ្យក្លឹបតោខៀវ Chelsea លើសពីកុងត្រាដែលកំពុងមាន។ ក្នុងកិច្ចព្រមព្រៀងគេសល់ពេលត្រឹមចុងបញ្ចប់រដូវកាលនេះ ពោលតែជាង ៨ ខែទៀតប៉ុណ្ណោះ។
យ៉ាងណាប្រាប់ទៅគេហទំព័រផ្លូវការក្លឹប កីឡាករប្រេស៊ីលបានលើកឡើង៖ “ខ្ញុំក៏តែងតែនិយាយជាមួយ Zlatan ហើយមួយរយៈនេះ ជជែកគ្នាច្រើន ណាមួយក្លឹបយើងត្រូវលេងតតាំងគ្នានៅ Champions League ខាងមុខផង ដោយគោលដៅខ្ញុំចង់ដល់អាយុ ៤០ ឆ្នាំ តែខ្ញុំអត់ដឹងថាអាចបន្តនៅកម្រិតបែបនេះឬអត់ទេ វាស៊ីសងលើស្ថានភាពរដូវកាលនេះ និងស្ថានភាពនៅ World Cup ផងដែរ“។
លោកបន្ត៖ “វាក៏ពាក់ព័ន្ធនឹងកត្តាបន្តកុងត្រាថ្មី បើអាចទៅរួច ខ្ញុំចង់លេងដល់អាយុ ៤០ ឆ្នាំ“។ បើដូចការចង់បាន Thiago Silva រំពឹងចង់បន្ថែមកុងត្រាថ្មី រយៈពេល ២៤ ខែទៀត ដើម្បីសម្រេចគោលដៅចម្បងរបស់ខ្លួន៕
ប្រភព៖ Sportskeeda


