ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថាខ្លួនបានចាប់ផ្ដើមមានអារម្មណ៍សប្បាយរីករាយក្នុងការលេងបាល់ទាត់ម្ដងទៀតហើយ ក្រោយពីមានអារម្មណ៍អាប់អួរនៅរដូវកាលមុន។
Messi រកគ្រាប់បាល់បានជួយក្រុមអាហ្សង់ទីនយកឈ្នះលើក្រុមហុងដុយរ៉ាយក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតមិត្តភាពកន្លងទៅនេះ។ ក្រោយពីចប់ការប្រកួត Messi បាននិយាយថានារដូវកាលនេះខ្លួនមានអារម្មណ៍សប្បាយចិត្តក្នុងការប្រកួតឡើងវិញហើយ។ ខណៈដែលរដូវកាលកន្លងទៅវិញ រូបគេមានបញ្ហាច្រើន និងអារម្មណ៍មិនល្អនោះទេក្នុងការប្រកួត មិនថាលេងនៅក្លឹបអាជីពនិងជម្រើសជាតិឡើយ។ ដូច្នេះនារដូវកាលនេះ គេរំពឹងថានឹងអាចធ្វើបានល្អ ជួយក្រុមបានច្រើនវិញមិនខាន។
ប្រធានក្រុមអាហ្សង់ទីននិយាយថា៖ “ខ្ញុំសប្បាយចិត្ត វាជាអារម្មណ៍ខុសពីឆ្នាំមុន។ ខ្ញុំដឹងថាខ្ញុំនឹងចាប់ផ្ដើមបានល្អឡើងវិញនៅឆ្នាំនេះ ដូចដែលខ្ញុំបានប្រាប់ទៅអ្នករាល់គ្នារួចម្ដងមកហើយ។ ខ្ញុំចូលទីលាននៅឆ្នាំនេះ ជាមួយការតាំងចិត្តខ្ពស់ អារម្មណ៍ល្អ មិនថានៅជម្រើសជាតិឬក្លឹបអាជីពនោះទេ។ ខ្ញុំបានសប្បាយចិត្តក្នុងការលេងបាល់ឡើងវិញហើយ”៕


