Hazard ​៖​ខ្ញុំ​ចង់​លេង​ឱ្យ​បាន​ច្រើន​នៅ Real Madrid ​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​បាន​និយាយ​ថា​ខ្លួន​ចង់​លេង​ឱ្យ​បាន​ច្រើន​នៅ​ក្រុម Real Madrid ​នា​រដូវ​កាល​នេះ ដើម្បី​ឱ្យ​ខ្លួន​អាច​លេង​នៅ​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ចុង​ឆ្នាំ​ឱ្យ​បាន​ល្អ។

​Hazard ​នៅ​តែ​ទទួល​បាន​ឱកាស​ជាប់​ជម្រើស​ជាតិ​បែលហ្សិក​ដដែល ​បើ​ទោះ​ជា​រូបគេ​មិន​សូវ​បាន​លេង​នៅ​ក្រុម Real Madrid ​ក៏​ដោយ។ ​ជាមួយ​គ្នា​នេះ​ដែរ ​បើ​តាម​ការ​អះអាង​របស់​សាមី​ខ្លួន​គឺ​រូបគេ​មិន​មាន​បញ្ហា​របួស​អ្វី​ទៀត​នោះ​ទេ ​ដោយ​ការ​មិន​បាន​លេង​ច្រើន​នៅ​ក្រុម​អធិរាជ​ស​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​របស់​អ្នក​ចាត់ការ Carlo Acelotti ​ផ្ទាល់។ នៅ​ក្រុម Real Madrid ​មាន​កីឡាករ​ល្អ​ច្រើន​នៅ​តំបន់​ប្រយុទ្ធ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ដើម្បី​បាន​ជម្រើស​ដំបូង។

​អតីត​កីឡាករ​ឆ្នើម​បំផុត​ម្នាក់​របស់​ក្រុម Chelsea ​បាន​និយាយ​ថា​៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ​នៅ Real Madrid ​ដោយ​គ្រាន់​តែ​ខ្ញុំ​បាន​លេង​តិច​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​លេង ​លេង​ឱ្យ​បាន​ច្រើន​។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​លេង​បាន​ល្អ​ឡើង​វិញ​ហើយ។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​លេង​បាន​ពេញ​កម្លាំង​ពី​ពេល​នេះ​ទៅ ដើម្បី​លេង World Cup ​នៅ​ចុង​ឆ្នាំ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT