Evra ថា​និយាយ​ទាំង​ឈឺ​ចាប់ តែ​ប្រកែក​អត់​បាន​ទេ Haaland នឹង​ក្លាយ​ជា Top Scorer នៅ PL

Patrice Evra ដែល​ជា​អតីត​កីឡាករ​កាន់​ឆ្នាំ​របស់ Man Utd ហើយ​បច្ចុប្បន្ន​បន្ត​ជា​អ្នក​គាំទ្រ​ដែរ​នោះ បាន​និយាយ​សរសើរ​ដល់​កីឡាករ​ក្លឹប Manchester City គឺ​គ្រាប់​ពេជ្រ Erling Haaland ថា​ប្រាកដ​ណាស់ នឹង​បញ្ចប់​រដូវ​កាល​ជា Top Scorer ជាក់​ជា​មិន​ខាន។

បញ្ជាក់​ឲ្យ​ដឹង​បន្តិច កីឡាករ​ន័រវែស​មាន​តម្លៃ​ផ្ទេរ ៥១ លាន​ផោន​ចេញ​ពី​ក្លឹប​អាល្លឺម៉ង់​ Dortmund មក​កាន់​ក្លឹប​អង់គ្លេស City។ ត្រឹម​ការ​បង្ហាញ​ខ្លួន ៧ ប្រកួត​ក្នុង​លីគ តារា​ឆ្នើម​វ័យ​ក្មេង​ខាង​លើ អាច​រក​បាន​ដល់​ទៅ ១១ គ្រាប់​ឯ​ណោះ ដែល​ស្ថិតិ​នេះ វា​ច្រើន​ឥត​ឧបមា​ធៀប​នឹង​កាល Mohamed Salah ក៏​ ១០ គ្រាប់ នៅ ២២ ប្រកួត Cristiano Ronaldo ១០ គ្រាប់ នៅ ២១ ប្រកួត​ជា​ដើម។

ងាក​ទៅ​អ្នក​វិភាគ​លោក Evra បាន​លើក​ឡើង៖ “វា​ពិត​ជា​ឈឺ​ចាប់​ការ​ដែល​ខ្ញុំ​ត្រូវ​និយាយ​បែប​នេះ តែ​វា​ពិត​ណាស់ Erling Haaland គេ​នឹង​ឈរ​ចំណាត់ថ្នាក់​កំពូល​នៅ Top Scorer គេ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់ ដូច​តែ​អ្វី Guardiola បាន​និយាយ​អ៊ីចឹង ការ​រក​បាន​ Hat-trick សម្រាប់​គេ មិន​ជា​អ្វី​ដ៏​អស្ចារ្យ​ទេ ព្រោះ​វា​ជា​រឿង​ធម្មតា​គេ​ធ្លាប់​សម្រេច​បាន​ទៅ​ហើយ​ក្នុង​អាជីព”។

រំឭក​ឲ្យ​ដឹង​បន្តិច ភារកិច្ច​បន្ទាប់​របស់​ក្លឹប​មេឃ​ខៀវ City ត្រូវ​តតាំង​ក្លឹប​រួម​ទីក្រុង Manchester United នៅ​វេលា​ម៉ោង ០៨:០០ នាទី​យប់ ​ថ្ងៃ​ទី ០២ ​តុលា ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT ផង​ដែរ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT