បារាំង​អស់​ឱកាស សល់​ត្រឹម​ក្រូអាត/ដាណឺម៉ាក សង្ឃឹម​បាន​ឡើង​ទៅ​វគ្គ ៤ ក្រុម Nations League

ពាន​រង្វាន់ UEFA Nations League នឹង​សម្រេច​រក​ឃើញ ៤ ក្រុម​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ចុង​ក្រោយ ត្រឹម​ចុង​ខែ​កញ្ញា​នេះ ដោយ​តាម​ច្បាប់​គឺ​ជ្រើស​យក ក្រុម​ជម្រើស​ជាតិ​ល្អ​បំផុត​ប្រចាំ​វគ្គ​ចែក​ពូល នៃ Group នីមួយៗ។

យើង​ងាក​មក​ Goup A1 ដែល​ទើប​បញ្ចប់​ការ​ប្រកួត​ជុំ​ទី ៥ កាល​ពី​យប់មិញ ជា​លទ្ធផល​ឃើញ​ក្រូអាត យក​ឈ្នះ​ដាណឺម៉ាក ២-១ ជួន​ពេល​បារាំង យក​ឈ្នះ ២-០ ទៅ​លើ​អូទ្រីស។ គ្រាប់​បាល់​ខាង​ក្រុម​ឈរ​ចំណាត់ថ្នាក់​កំពូល​ក្រូអាត រក​បាន​ដោយ Borna Sosa និង Lovro Majer ខណៈ​ខាង​គូ​ប្រជែង​ធ្វើ​បាន​ដោយ Christian Eriksen។

គិត​ត្រឹម​វគ្គ​នេះ ក្រូអាត​ឈរ​លេខ ១ មាន ១០ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ដាណឺម៉ាក មាន ៩ ពិន្ទុ ហើយ​បារាំង មាន ៥ ពិន្ទុ និង​អូទ្រីស​មាន ៤ ពិន្ទុ។ មាន​ន័យ​ថា​ជុំ​ចុង​ក្រោយ គឺ​សល់​តែ​ក្រុម​ពីរ​ប៉ុណ្ណោះ អាច​សង្ឃឹម​ឡើង គឺ​រវាង​ក្រូអាត និង​ដាណឺម៉ាក។ បើ​ក្រុម​ទាំង​ពីរ​ឈ្នះ ជុំ​ទី ៦ ក៏​នៅ​តែ​ក្រូអាត​ឡើង តែ​បើ​ដាណឺម៉ាក ឈ្នះ ហើយ​ក្រូអាត​ស្មើ ឬ ​ចាញ់ នោះ​ដាណឺម៉ាក​ជា​អ្នក​ឡើង។

ខណៈ​នៅ​ Group A2 អាច​ជា​អេស្ប៉ាញ ឬ​ព័រទុយហ្គាល់ រី​ឯ Group A3 អាច​ហុងគ្រី, អាល្លឺម៉ង់ ឬ​អ៊ីតាលី និង Group A4 អាច​ជា​ហូឡង់, បែលហ្សិក ដែល​សង្ឃឹម​ឡើង​ទៅ​វគ្គ Finals ៤ ក្រុម​ចុង​ក្រោយ។ ការ​ប្រកួត​វគ្គ​ចុង​ក្រោយ​នោះ នឹង​តតាំង​នៅ​ខែ​មិថុនា ឆ្នាំ ២០២៣ ដើម្បី​សម្រេច​យក​ក្រុម​ឈ្នះ​ជើង​ឯក៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT