Eric Dier បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ Anna ត្រូវ​ជា​អតីត​សង្សារ​ចាស់​របស់​ម្ចាស់​អាវ​លេខ ៧

កីឡាករ​របស់​ក្លឹប Tottenham Hotspur គឺ​ខ្សែ​ការពារ​ Ericc Dier ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​តារា​ម៉ូដែល​សាច់​ស​ខ្ចី Anna Modler ដែល​អតីតកាល​នារី​ម្នាក់​នេះ ធ្លាប់​ជា​សង្សារ​ចាស់​របស់​កីឡាករ​ឈីលី Alexis Sanchez។

តារា​ឆ្នើម​ក្លឹប​មាន់​ខ្នាយ​មាស រមែង​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ជា​រឿយៗ ពី​តារា​ស្រី​វ័យ ២៤ ឆ្នាំ ដែល​នាង​តែងតែ​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​របស់​ក្លឹប Spurs នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុង។ ជាក់ស្តែង​ដូច​ប្រកួត​យក​ឈ្នះ ៦-២ ​ថ្ងៃ​មុន ក៏​មាន​វត្តមាន Anna ផង​ដែរ ហើយ​ថែម​ទាំង​ថត​រូប​ខ្លួន ជាមួយ​មិត្តភក្តិ​ដោយ​បង្ហោះ​សារ​ថា ពួក​នាង​គឺ​ជា​កម្លាំង​ចិត្ត​សម្រាប់ Eric និង​ក្រុម​ទាំង​មូល ឆ្លង​កាត់​ការ​ប្រកួត​ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់ រដូវ​កាល​នេះ។

នេះ​អាច​ជា​កម្លាំង​ចិត្ត​ពិតៗ ដែល​នាំ​ឲ្យ​ខ្សែ​ការពារ​វ័យ ២៩ ឆ្នាំ បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្រុម​លោក Antoino Conte ដោយ​រក​បាន ២ គ្រាប់ នៅ ៩ ប្រកួត​រដូវ​កាល​ថ្មី ហើយ​សូម្បី​ជម្រើស​ជាតិ​អង់គ្លេស ក៏​ទទួល​បាន​ការ​កោះហៅ​ដោយ​មិន​ស្ទាក់ស្ទើរ​ពី​លោក Gareth Southgate ផង​ដែរ។

រំឭក​បន្តិច Anna និង Sanchez ឯ​ណោះ តាម​ដំណឹង​ធ្លាប់​ទាក់ទង​គ្នា​កាល​ពី​ឆ្នាំ ២០២០ ហើយ​ក៏​បែកបាក់​គ្នា​ទៅ​វិញ។ នោះ​គឺ​កំឡុង​ពេល​ខ្សែ​ប្រយុទ្ធ​ឈីលី ឈរ​ជើង​នៅ​តំណែង​ប្រយុទ្ធ គ្រោង​អាវ​លេខ ៧ ឲ្យ​ក្លឹប​អ៊ីតាលី Inter Milan។ ឥឡូវ​យើង​ចាំ​មើល​ចំណង​ស្នេហ៍​ថ្មី រវាង Dier តើ​នឹង​អាច​ធានា​ពី​ភាព​យូរ​អង្វែង​បាន​ដល់​កម្រិត​ណា?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT