១០ ឆ្នាំ​មុន​តាម​ទិញ​អត់​បាន ឥឡូវ​ Liverpool នៅ​តែ​ស្រលាញ់ តែ​កុំ​មើល​តម្លៃ​ឡើងលើស ១ គុណ​ជា ១០០

ថ្ងៃ​នេះ​មាន​រឿង​ក្តៅ​គគុក ពាក់ព័ន្ធ​ចចាមអារ៉ាម​កីឡាករ​គោលដៅ​ដែល Liverpool ចង់​បាន​ជា​យូរ​ណាស់​មក​ហើយ ដល់​ឥឡូវ​ត្រូវ​បាន​ក្លឹប​អាណាព្យាបាល​រំអុក​ឡើង​ថ្លៃ​កប់​ពពក។ នោះ​គឺ Jude Bellingham ​កីឡាករ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្លឹប Borussia Dortmund ជាប់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ តែ​ក្នុង​កិច្ច​ព្រមព្រៀង ពុំ​មាន​កំណត់​តម្លៃ​ផ្តាច់​កុងត្រា ឬ Release Clause ដូច​ Erling Haaland ឡើយ។

យុវជន​លេង​តំណែង​បម្រើ វ័យ ១៩ ឆ្នាំ ​ពេល​ចុង​ក្រោយ​កំពុង​ក្លាយ​ជា​គ្រាប់​ពេជ្រ​មិន​អាច​ខ្វះ​បាន​របស់​ក្លឹប​អាល្លឺម៉ង់ ហើយ​ក៏​ត្រៀម​នឹង​ចារ​កំណត់ត្រា ក្នុង​នាម​ជា​កីឡាករ​អង់គ្លេស​ថ្លៃ​បំផុត​ផង​ដែរ ប្រសិន​ជា​ការ​ផ្ទេរ ឈាន​ដល់​លទ្ធផល​សម្រេច​រវាង​ភាគី​ក្លឹប​ចង់​បាន​ណា​មួយ។

តាម​របាយការណ៍​ពី The Athletic ចុះ​ផ្សាយ​ថា Dortmund បាន​ដាក់​តម្លៃ​ខ្លួន Bellingham មក​ហើយ ពោល​គឺ ១៣១ លាន​ផោន ឬ​ប្រហែល ១៥០ លាន​អឺរ៉ូ ទើប​ព្រម​លក់​គេ​ចេញ តែ​នេះ​មិន​មែន​បើក​ផ្លូវ​សម្រាប់​ខែ​មករា​ទេ ផ្ទុយ​ទៅ​វិញ ជា​តម្លៃ​រង់ចាំ​ដល់​រដូវ​ក្តៅ ឬ​បញ្ចប់​រដូវ​កាល ឆ្នាំ ២០២៣ ឯ​ណោះ។ ជា​ការ​ពិត​បើ​តម្លៃ ១៣១ លាន​ផោន អាច​សម្រេច​ទៅ​បាន នោះ​នឹង​បំបែក​កំណត់ត្រា​ចាស់ នៃ​ការ​ផ្ទេរ Jack Grealish ពី Aston Villa ទៅ​កាន់​ក្លឹប Man City កាល​ពី​ឆ្នាំ ២០២១ នៅ​តម្លៃ ១០០ លាន​ផោន។

យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​ខ្សែ​បម្រើ​ខាង​លើ តាម​ពិត​ទៅ Liverpool បាន​ដាក់​គោលដៅ​តាំង​ពី ១០ ឆ្នាំ​មុន​មក​ម្ល៉េះ នោះ​គឺ​គ្រា Bellingham មាន​អាយុ ៩ ឆ្នាំ កំពុង​ហ្វឹកហាត់​នៅ​ថ្នាល U11 របស់​ក្លឹប Birmingham។

ខណៈ​ពេល​នោះ កីឡាករ​បាន​ឆ្លង​កាត់​ការ​តេស្ត​រយៈ​ពេល ២ ​ថ្ងៃ ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Merseyside ហើយ​ហង្ស​ក៏​បាក់​ចិត្ត ចាប់​អារម្មណ៍​ទៅ​លើ​ទេពកោសល្យ​របស់​គេ​ផង និង​បាន​ប្រញាប់​ទាក់ទង​ភ្លាមៗ​ទៅ​កាន់​ក្លឹប Birmingham ថា​នឹង​យល់​ព្រម​ទូទាត់​ប្រាក់ ៩ ០០០ ផោន ដើម្បី​ចុះ​ហត្ថលេខា​យក​ក្មេង​ប្រុស​ខាង​លើ​មក​ចូលរួម។ ខាង​ក្លឹប​យល់​ព្រម តែ​ដល់​ចម្លើយ ទទួល​បាន​ពី​ក្រុម​គ្រួសារ គឺ​បដិសេធ ដោយ​ខាង​ឪពុកម្តាយ​កីឡាករ​មិន​យល់​ព្រម​ឡើយ ហើយ​បន្ត​ឲ្យ Bellingham នៅ​ហ្វឹកហាត់​ជាមួយ​ក្លឹប​បច្ចុប្បន្ន​ដដែល។

រហូត​ដល់​ឆ្នាំ ២០១៩ ពេល​កីឡាករ​ខាង​លើ ឡើង​មក​លេង​នៅ​ឈុត​ធំ​ឲ្យ​ក្លឹប Birmingham ក៏​មាន​ក្លឹប ២ ឯ​ទៀត ដូច​ជា Man City និង Chelsea បាន​ពេញ​ចិត្ត​លើ​គុណភាព​របស់​គេ​ដូច​គ្នា ហើយ​ដាក់​សំណើ​ចង់​នាំ​យក តែ​មិន​ទទួល​បាន​សម្រេច។ ដល់​តែ​ចុង​ក្រោយ បែរ​ជា​ត្រូវ​បាន​ក្លឹប Dortmund ឯ​ណោះ ជា​អ្នក​អាច​អូសទាញ​ចិត្ត​គ្រាប់​ពេជ្រ​ជំនាញ​ជើង​ស្តាំ ឲ្យ​ទៅ​ចូលរួម ជាមួយ​តម្លៃ​ជាង ២០ លាន​ផោន កាល​ពី ២ ឆ្នាំ​មុន។

នេះ​ចាយ​ពេល​ដុសខាត់​ អភិវឌ្ឍ​គុណភាព​ Bellingham ត្រឹម​ពេល ២ ឆ្នាំ ឥឡូវ​បាន​ដាក់​តម្លៃ​លើស​ ១ ទ្វេ​ជា ៦ ដល់​ទៅ ១៣១ លាន​ផោន ហើយ​សម្រាប់ Liverpool កាន់​តែ​សោកស្តាយ​ខ្លាំង ព្រោះ​នៅ​ឆ្នាំ ២០១២ ដែល​ពួក​គេ​ព្យាយាម​ដែរ តែ​យក​មិន​បាន​នៅ​តម្លៃ​ទាប​ជាង​បច្ចុប្បន្ន​ ដល់​លើស ១០០ ដង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT