Honda ​ដឹង​ពី​អ្វី​ដែល​ត្រូវ​កែ​លម្អ​ក្រុម ​ក្រោយ​ចាញ់​ជប៉ុន ៣-១ ​

លោក Keisuke Honda ​បាន​និយាយ​ថា​ខ្លួន​ដឹង​ចំណុច​ខ្វះ​ខាត​ក្រុម ​និង​អ្វី​ដែល​ត្រូវ​កែ​លម្អ​ក្រុម​បន្ថែម​ទៀត ​ក្រោយ​ពី​លេង​ចាញ់​ក្រុម U23 ​ជប៉ុន​ក្នុង​លទ្ធផល ៣-១។ ​

​ក្រុម U23 ​កម្ពុជា​នៅ​យប់មិញ​នេះ ​បាន​បង្ហាញ​ទម្រង់​លេង​ប្រសើរ​ឡើង​ច្រើន​ហើយ​ដែរ ប៉ុន្តែ​ក្រុម U23 ​ជប៉ុន​ពិត​ជា​ខ្លាំង ​ខ្លាំង​លើស​ក្រុម​កម្ពុជា​ឆ្ងាយ​ហើយ។ ​លោក Honda ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម ​ក៏​បាន​យល់​ច្បាស់​ពី​ចំណុច​នេះ​ដូច​គ្នា ​ហើយ​លោក​អះអាង​ថា​ការ​ប្រកួត​មិត្តភាព​នេះ​គ្រាន់​តែ​ជា​ការ​ដក​ស្រង់​បទ​ពិសោធ​ប៉ុណ្ណោះ។ ​Honda ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​ច្បាស់​ណាស់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ភាព​ប្រសើរឡើង។​ ពិតណាស់ វាត្រូវការពេលវេលា ប៉ុន្តែយើងអាចធ្វើបាន​”។

​រំលឹក​ថា U23 ​ជប៉ុន ​ជា​ក្រុម​មក​ពី​សាកល​វិទ្យាល័យ​មែន ប៉ុន្តែ​សមាជិក​ក្នុង​ក្រុម​នេះ​ក៏​មាន​ខ្លះ​អាច​នឹង​ចូល​លេង​នៅ​ក្លឹប​អាជីព​ផង​ដែរ​នៅ​ពេល​ពួកគេ​បញ្ចប់​ការ​សិក្សា។ ​ខណៈ​ដែល U23 ​កម្ពុជា​វិញ ​យក​ការ​ប្រកួត​មិត្តភាព​នេះ​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​២០២៣​ខាង​មុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT