គួរ​ទៅ​ក្លឹប​ថ្មី ឬ​បន្ត​នៅ? នេះ​ខ្ចី​ចាស់ ៦ រូប ​ត្រៀម​អស់​កុងត្រា​នៅ​បញ្ចប់​រដូវ​កាល​នេះ

ការ​ដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប នឹង​វិល​ចូល​មក​ដល់​សារ​ជា​ថ្មី នៅ​ខែ​មករា ឆ្នាំ ២០២៣ ដែល​គេ​ហៅ​ថា ទីផ្សារ​រដូវ​រងា ហើយ​ពេលវេលា​នោះ តម្រុយ​នៃ​ការ​បន្ត​កុងត្រា​ថ្មី ឬ​ការ​ចាកចេញ​ក៏​អាច​នឹង​លេច​ឡើង​ជា​បណ្តើរៗ។

កីឡាករ​ដែល​ត្រៀម​ផុត​កុងត្រា​នៅ​បញ្ចប់​រដូវ​កាល ហើយ​គ្រោង​ចាកចេញ ក៏​មាន​សិទ្ធ​អាច​ព្រមព្រៀង​ជា​លក្ខណៈ Pre-Contract ជាមួយ​ក្លឹប​ដទៃ​ទុក​ជា​មុន តែ​កីឡាករ​ខ្លះ​ទៀត បើ​ច្បាស់លាស់​អំពី​អនាគត​ជាមួយ​ក្លឹប​អាណាព្យាបាល នោះ​ក៏​នឹង​ក្លាយ​ជា​ពេល​ស៊ីញ៉េ​កុងត្រា​ថ្មី​ដ៏​សក្ដិសម។ ខាង​ក្រោម CTS SPORT ​និយាយ​អំពី​តារា​ឆ្នើម​វ័យ​ចំណាស់ ៦ រូប ដែល​ត្រូវ​អស់​សុពលភាព​កុងត្រា​ត្រឹម​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ​ ២០២៣ ឬ​ចុង​បញ្ចប់​រដូវ​កាល​នេះ៖

៦) Jorginho

ខ្សែ​បម្រើ​វ័យ ៣០ ឆ្នាំ នៅ​បន្ត​ជា​ចំណែក​ធំ​មួយ​របស់ Chelsea តែ​យ៉ាង​ណា​ពាក់ព័ន្ធ​ការ​បន្ត​កុងត្រា​ថ្មី ឲ្យ​លើស​ពី​បញ្ចប់​រដូវ​កាល​នេះ ហាក់​មាន​ភាគរយ​ទាប​ណាស់។ ជាក់ស្តែង​ភ្នាក់ងារ​រត់ការ​របស់​កីឡាករ​ផ្ទាល់​កន្លង​មក ក៏​លើក​ឡើង​ជា​រឿយៗ ថា Jorginho ទំនង​ជ្រើស​ការ​វិល​ទៅ​ក្លឹប​នៅ​ប្រទេស​កំណើត​អ៊ីតាលី អាច​មួយ​ក្នុង​ចំណោម​ក្លឹប AC Milan, Inter Milan, Juventus, Roma ឬ Napoli។

៥) Ilkay Gundogan

មិន​ខុស​ពី Jorginho បើ​ងាក​មក​មើល​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​ឯ​ណេះ​វិញ ក៏​បន្ត​ជា​ចំណែក​ធំ​មួយ ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola នៅ​ក្លឹប Manchester City។ ប៉ុន្តែ​ពេលវេលា​ឈរ​ជើង​នៅ​មេឃ​ខៀវ អាច​នឹង​ឈាន​មក​ដល់​ផ្លូវ​បំបែក នៅ​ឆ្នាំ​ទី ៧ ខាង​មុខ។

បង្ហើប​កាល​ពី​ខែ​មេសា Gundogan ថា ទ្រនំ​បន្ទាប់​ ២ ខ្លួន​អាច​ទៅ​ចូលរួម គឺ​ក្លឹប​នៅ​ប្រទេស​ទួរគី ឬ​ក៏​ក្លឹប​ណា​មួយ​នៅ​ឯ​ទឹកដី​សហរដ្ឋអាមេរិក។

៤) Karim Benzema

កំពុង​ល្អ​សុខៗ​បែរ​ជា​របួស ដែល​ផ្តល់​ឱកាស​ឲ្យ​លោក Carlo Ancelotti អាច​តេស្ត​ប្រព័ន្ធ​ថ្មី ជាមួយ​ការ​ប្រើ Federico Valverde, Vinicius Jr និង Rodrygo ហើយ​លទ្ធផល​ឃើញ​ថា ការ​លេង​របស់​ Real Madrid នៅ​តែ​ល្អ។

ហេតុ​នេះ នាំ​ឲ្យ​គេ​ជឿជាក់ វត្តមាន​កីឡាករ​បារាំង​អាច​មិន​ជា​សំខាន់​ដល់​ថ្នាក់​ខ្វះ​មិន​បាន​ឡើយ ហើយ​ការ​ផុត​កុងត្រា​ថ្មី នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ក៏​អាច​ជា​ពេល​ចាកចេញ ​ប៉ុន្តែ​បើ​សួរ​ថា ក្លឹប​ណា​ជា​ទ្រនំ​បន្ទាប់ យើង​ក៏​មិន​ទាន់​អាច​បង្ហើប​បាន​ដែរ​នៅ​ពេល​នេះ។

៣) N’Golo Kante

ដោយសារ​តែ​របួស​ញាំញី ក៏​នាំ​ឲ្យ​ Kante សឹង​តែ​បាត់​មុខ​ពី​ទីលាន​ឲ្យ Chelsea ហើយ​ជួន​ពេល​កុងត្រា​កៀក​នឹង​បញ្ចប់​ផង ក៏​មាន​ការ​ជឿជាក់​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន ថា​ខ្សែ​បម្រើ​ការពារ​សញ្ជាតិ​បារាំង ពិត​ណាស់​នឹង​ចាកចេញ ក្នុង​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន នៅ​ពេល​ខាង​មុខ។ តែ​យ៉ាង​ណា​បើ​តាម​ចចាមអារ៉ាម​ក៏​ល្ហិចល្ហៀង អាច​ជា​ក្លឹប Paris Saint-Germain ​ត្រៀម​ត្រង​យក ដោយ​សាកល្បង​ចរចា​នៅ​ខែ​មករា ឬ​ស៊ូ​រង់ចាំ​ដល់​ចុង​ខែ​មិថុនា។

២) Lionel Messi

តារា​ឆ្នើម​អាហ្សង់ទីន​កំពុង​រីករាយ​នឹង​ការ​លេង​ឲ្យ PSG ដោយ​មិន​ថា​ការ​រក​គ្រាប់​បាល់ និង​ការ Assist គឺ​ធ្វើ​បាន​ល្អ​ជា​បន្តបន្ទាប់ នៅ​រដូវ​កាល​ថ្មី ២០២២/២៣។ ជា​ពិសេស​ការ​សហការ​យ៉ាង​ល្អ រវាង​ដៃ​គូ​ចាស់ Neymar Jr នៅ​តំបន់​ខាង​លើ ក៏​ប៉ុន្តែ​ងាក​មក​កុងត្រា​ឲ្យ​ក្លឹប​សេដ្ឋី​បារាំង គឺ​សល់​ពេល​ត្រឹម ៩ ខែ​ទៀត​ប៉ុណ្ណោះ។

ក្នុង​កិច្ច​ព្រមព្រៀង​ក៏ Messi មាន​សិទ្ធ​អាច​ពិចារណា​ការ​បន្ត​កុងត្រា​ថ្មី​ ១ ឆ្នាំ​បន្ថែម តែ​បើ​កីឡាករ​គិត​ចង់​ចាកចេញ ក៏​ក្លឹប​ពិបាក​នឹង​ហាមឃាត់​ដែរ ហើយ​ទ្រនំ​បន្ទាប់ អាច​ជា​វិល​ទៅ​ក្លឹប​ចាស់ Barcelona។

១) Cristiano Ronaldo

កុងត្រា​របស់ Ronaldo នៅ Man Utd ក៏​មិន​ខុស​ពី Messi នៅ PSG ពោល​កីឡាករ​សុទ្ធ​មាន​សិទ្ធ​អាច​ជ្រើស​យក​ការ​បន្ត​ថ្មី រយៈ​ពេល ១២ ខែ។ តែ​បើ​ងាក​ទៅ​មើល​ស្ថានភាព​លើ​ទីលាន ឱកាស​របស់​បុរស​វ័យ ៣៧ ឆ្នាំ ហាក់​មាន​ការ​ខ្សត់​ចុះ និង​ត្រូវ​បាន​លោក Erik ten Hag ដាក់​ឲ្យ​អង្គុយ​បម្រុង​ច្រើន​ជាង​ជាប់​ជម្រើស​ដំបូង។

ដូច្នេះ​ក៏​មិន​ច្បាស់​ដែរ​ថា Ronaldo ​នឹង​សម្រេច​ចិត្ត​បែប​ម៉េច? ចុះ​សម្រាប់​មតិ​គ្នា​យើង​វិញ ពាក់ព័ន្ធ​អនាគត​កីឡាករ​ទាំង ៦ រូប តើ​ពួក​គេ​គួរ​បន្ត​នៅ ឬ​ជ្រេ​រក​ក្លឹប​ថ្មី​ណា​មួយ ដែល​សក្តិសម?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT