នរណាក៏បានដឹងដែរថា វៀតណាម ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ចាតិកូរ៉េខាងត្បូង Park Hang-Seo បានបង្ហាញពីឥទ្ធិពលរបស់ខ្លួនយ៉ាងអស្ចារ្យ សម្រាប់ ឆមាសទីមួយ នៃឆ្នាំ ២០១៨នេះ ពោលគឺធ្វើឱ្ទូទាំងតំបន់អាស៊ីភ្ញាក់ផ្អើលខ្លាំង។
កាលពីដើមឆ្នាំ ២០១៨ កន្លងទៅនេះ លោកបានដឹកនាំក្រុមយុវជនជម្រើសជាតិវៀតណាម U-23 ឱ្យឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC U-23 Championship បើទោះបីជាមិនអាចប្រជែងយកពានរង្វាន់ពី អ៊ូបេគីស្ថាន បានក៏ពិតមែន តែវាគឺជាប្រវត្តិសាស្រ្តថ្មីស្រឡាងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនធ្លាប់មានពីមុនមក។
ក្រោយមកទៀត នៅក្នុងព្រឹត្តិការណ៍កីឡា Asian Games 2018 នៅឥណ្ឌូនេស៊ី កាលពីខែសីហា-កញ្ញា កន្លងទៅ បុរសវ័យ ៥៩ ឆ្នាំរូបនេះ បន្តដឹកនាំឈុតយុវជនដដែលនោះ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថែមទៀតផង ។
ទាំងនេះគឺសុទ្ធតែបង្ហាញអំពីការត្រៀមខ្លួនយ៉ាងល្អរបស់ពួកគេ មុនការប្រកួតពានរង្វាន់ដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ គឺពាន AFF Suzuki Cup ដែលបើកទំព័រនៅដើមខែវិច្ឆិកា ខាងមុខនេះ ។ បច្ចុប្បន្ន ក្រុមជម្រើសជាតិវៀតណាម កំពុងតែស្ថិតនៅប្រទេសកូរ៉េខាងត្បូង ដើម្បីបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពជាមួយក្លិបធំៗមួយចំនួន ដែលជាការត្រៀមខ្លួនចុងក្រោយ ។
នៅក្នុងពូល A វៀតណាម នឹងត្រូវជួបជាមួយ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា ដែលសុទ្ធតែជាគូប្រជែងកាលពីឆ្នាំ ២០១៦ បូករួមនឹង ឡាវ ដែលជាបេក្ខភាពថ្មីផងដែរ ៕