Totti កំពូល​បុរស​ស្មោះ​នឹង​ក្លឹប ទុក្ខ​ជាន់​ទុក្ខ ឪពុក​ស្លា.ប់​ថែម​ភរិយា​ក្បត់ ដល់​កើត Depression

បើ​សួរ​ថា​តាំង​ពី​ដើម​មក តើ​កីឡាករ​ណា​ដែល​ស្មោះ​នឹង​ក្លឹប​បំផុត​ក្នុង​អាជីព​បាល់ទាត់? ចម្លើយ គឺ​គ្មាន​នរណា​ក្រៅ​ពី Francesco Totti នោះ​ឡើយ ដោយ​អតីតកាល​បុរស​សញ្ជាតិ​អ៊ីតាលី ឈរ​ជើង​ឲ្យ​ក្លឹប​តែ​មួយ​គត់​គឺ AS Romaតាំង​ពី​ចំណុច​ចាប់ផ្ដើម ដល់​ថ្ងៃ​ចូល​និវត្ត អស់​ពេល ២៤ ឆ្នាំ។

ជោគជ័យ ទទួល​បាន​ការ​គោរព​ស្រលាញ់​ជា​ហូរហែ​លើ​ទីលាន តែ​ងាក​ទៅ​ជីវិត​នៅ​ខាង​ក្រៅ បុរស​វ័យ ៤៥ ឆ្នាំ ហាក់​រង​ភាព​អយុត្តិធម៌ ផុត​រឿង​មួយ​ចូល​រឿង​មួយ​ដល់​ថ្នាក់​លោក​ធ្លាក់​ទៅ​ក្នុង​ជំងឺ​បាក់​ទឹកចិត្ត ឬ Depression ហើយ​ទើប​តែ​បាន​ធូរស្បើយ​បន្តិចនៅ​ពេល​ចុង​ក្រោយ​នេះ។

ឪពុក​ជា​ទី​ស្រលាញ់​បាន​ស្លា.ប់​បាត់បង់​ជីវិត រាប់​ជា​រឿង​សោក.សង្រេង​ណាស់​ទៅ​ហើយ តែ​ងាក​ទៅ​ចំណង​ស្នេហ៍​រវាង​ភរិយា​រស់នៅ​រួម​គ្នា​អស់​ពេល ១៧ ឆ្នាំ ក៏​ត្រូវ​ឈាន​ដល់​ការ​បែកបាក់ ដោយសារ​វត្តមាន​ជន​ទី ៣ ថែម​ទៀត។ Totti បាន​លែងលះ​ជា​ផ្លូវការ ជាមួយ​អតីត​ភរិយា​ដែល​ជា​តារា​ម៉ូដែល​វ័យ ៤១ ឆ្នាំ ឈ្មោះ Ilary Blasi កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។

រំឭក​ទៅ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ បាន​បង្កាត់​ភ្លើង​ស្នេហ៍​នៅ​ឆ្នាំ ២០០២ ហើយ​ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ ៣ ឆ្នាំ​បន្ទាប់ និង​បង្កើត​បាន​ចំណង​ដៃ​ជា​កូន​ប្រុស​ស្រី ៣ រូប មាន Cristian អាយុ ១៧ ឆ្នាំ Chanel ១៦ ឆ្នាំ និង Isabel ជា​កូន​ពៅ​ ស្ថិត​នៅ​អាយុ ៦ ឆ្នាំ។

វីរបុរស​ក្លឹប Roma បាន​មាន​ការ​ឈឺចាប់​ខ្លាំង នៅ​ពេល​ដែល​លោក​ទទួល​រង​បញ្ហា​ផ្លូវ​ចិត្ត ហើយ​ក៏​ជា​ពេល​ដែល​ត្រូវ​ការ​វត្តមាន​ភរិយា​ឲ្យ​នៅ​ក្បែរ​ចាំ​ថែ​ទាំ​បំផុត តែ​នាង​បែរ​ជា​ផិ.ត​ក្បត់​ទៅ​បញ្ឆេះ​ស្នេហ៍​ថ្មី នៅ​ឯ​ខាង​ក្រៅ​ទៅ​វិញ។ នោះ​គឺ​ក្រោយ​ការ​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៧ រំលង​ទៅ​ឆ្នាំ ២០២០ Totti បាន​ជួប​រឿង​អកុស.ល ដែល​ឪពុក​បង្កើត​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ COVID-19 ហើយ​ខ្លួន​លោក​ផ្ទាល់ ក៏​បាន​ផ្ទុក​កូវីដ​នៅ​ពេល​បន្ទាប់ និង​ចាប់ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​អស់​ពេល​ជាង ២ សប្ដាហ៍។

ចន្លោះ​ពេល​នោះ​ហើយ Totti ក៏​ចាប់ផ្តើម​លឺ​ចចាមអារ៉ាម​ពី​មាត់​មនុស្ស​ខាង​ក្រៅ ដែលបាន​ឃើញ​ភរិយា​ខ្លួន​បណ្តើរ​អ្នក​ថ្មី នាំ​ឲ្យ​លោក​នៅ​មិន​សុខ ក៏​ចាប់ផ្តើម​តាមដាន ហើយ​លួច​បើក​មើល​ទូរស័ព្ទ​របស់​ Ilary ដែល​ជា​ភរិយា។

យើង​សង្ខេប​សារ​ដ៏​ឈឺចាប់​របស់ Totti មាន​ដូច​ត​ទៅ៖ “វិបត្តិ​ផ្លូវ​ចិត្ត​ធំ​បំផុត​ចាប់ផ្តើម​កើត​មាន​នៅ​ចន្លោះ​ខែ​មិនា និង​មេសា​ឆ្នាំ​ទៅ ក៏​ប៉ុន្តែ​មុន​នោះ ក៏​ខ្ញុំ​បាន​ទទួល​រង​ការ​ឈឺ.ចាប់​ជា​យូរ​មក​ហើយ ខ្ញុំ​បាន​ឆ្លង​កាត់​ដំណាក់កាល​ដ៏​លំបាក​មួយ​ក្នុង​ជីវិត ទី​មួយ ពេល​ខ្ញុំ​ឈប់​បាន​លេង​បាល់ទាត់ ហើយ​ប្រកាស​ចូល​និវត្ត បន្ទាប់​មក​ឪពុក​ខ្ញុំ​បាន​ស្លា.ប់​ដោយសារ​តែ​ជំងឺ​កូវីដ រួច​ខ្ញុំ​ផ្ទាល់​ក៏​ទទួល​រង​ការ​វាយលុក​ដោយសារ​ជំងឺ​នោះ​អស់​រយៈ​ពេល​ ១៥ ​ថ្ងៃ​ផង​ដែរ”។

“ងាក​ទៅ​ប្រពន្ធ​របស់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​នាង​ខ្លាំង​បំផុត បែរ​ជា​មិន​មាន​វត្តមាន​របស់​នាង ហើយ​ខែ​កញ្ញា​ឆ្នាំ​ទៅ ក៏​មាន​ពាក្យ​ក្បែរ​ត្រចៀក​កើត​ឡើង ថា​ឃើញ Ilary នៅ​ជាមួយ​បុរស​ផ្សេង​នៅ​ខាង​ក្រៅ​ច្រើន​សារ​មក​ហើយ”។

“សម្រាប់​ខ្ញុំ ២០ ឆ្នាំ​មក​នេះ មិន​ដែល​ធ្វើ​ទង្វើ​បែប​ហ្នឹង​ដាក់​នាង​ឡើយ ខ្ញុំ​ចាប់ផ្តើម​សង្ស័យ រួច​ក៏​ទៅ​តាមដាន​ឃ្លាំ​មើល​ទូរស័ព្ទ​របស់​នាង ហើយ​ឃើញ​សារ​ដែល​ពួក​គេ​ផ្ញើ​ហៅ​គ្នា​ឡើង​សណ្ឋាគារ ទាំង​អស់​ហ្នឹង​ ជា​ហេតុផល​នាំ​ឲ្យ​ខ្ញុំ​កើត​ជំងឺ​បាក់​ទឹកចិត្ត ខ្ញុំ​ចាប់ផ្តើម​គេង​លែង​លក់ ព្យាយាម​បន្លប់​ខ្លួន​ឯង ថា​គ្មាន​រឿង​អ្វី ដែល​ខ្ញុំ​លែង​ជា​ខ្លួន​ខ្ញុំ​ដូច​ពី​មុន​ទៀត​ហើយ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT