Gabriel Jesus រាំ​ដូច Vinicius ​ដែរ ​ដើម្បី​គាំទ្រ​មិន​ឱ្យ​មាន​ការ​រើសអើង

​ខ្សែ​ប្រយុទ្ធ Gabriel Jesus ​របស់​ក្រុម Arsenal ​បាន​អបអរ​គ្រាប់​បាល់​របស់​គេ​ដែល​រក​បាន​ទល់​ក្រុម Brentford ​ដោយ​ការ​រាំ​អបអរ ​ដើម្បី​ជា​ការ​បង្ហាញ​និង​គាំទ្រ​ទៅ​ដល់​ទង្វើ​របស់ Vinicius Junior ​និង​ប្រឆាំង​ការ​រើសអើង​ផង​ដែរ។

​Vinicius ​ត្រូវ​បាន​ភ្នាក់ងារ​ក្នុងវិស័យ​បាល់ទាត់​អេស្ប៉ាញ​ម្នាក់​ឈ្មោះ Pedro Bravo ​រើសអើង ដោយ​លោក​ហៅ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ថា​ធ្វើ​ដូច​ស្វា ​នៅ​ពេល​គេ​ស៊ុត​បញ្ចូល​ទី។ បញ្ហា​នេះ​ត្រូវ​បាន​អ្នក​ក្នុង​វិស័យ​បាល់ទាត់​ប្រតិកម្ម​ខ្លាំង ​រហូត​ដល់​មាន​ការ​បង្ហាញ​ការ​គាំទ្រ​ឱ្យ Vinicius ​បន្ដ​ធ្វើ​អ្វី​ដែល​គេ​គិត​ថា​ល្អ ​ហើយ​ការ​រាំ​អបអរ​គ្រាប់​បាល់​ទៀត​សោត ​ក៏​មិន​ត្រូវ​ចាត់​ទុក​ជា​ស្វា​ឬ​អ្វី​ផង​ដែរ។

​ដោយ​ក្នុង​នោះ Jesus ​ដែល​ជា​មិត្ត​រួម​ក្រុម​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​ចេញ​មុខ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ឱ្យ Vinicius ​បន្ដ​រាំ​ទៀត ​ហើយ​រូបគេ​ផ្ទាល់​នៅ​យប់មិញ ​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​ជួយ Arsenal ​យក​ឈ្នះ Brentford ​៣-០ ​ក៏​បាន​រាំ​ដូច​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ Real Madrid ​ធ្វើ​កន្លង​មក​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT