១៣ នាទី​គ្រាប់​ពេជ្រ​អាស៊ី Son រក​បាន ៣ គ្រាប់ ដល់​ចារ​កំណត់ត្រា​ថ្មី មិន​ធ្លាប់​កើត​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប

រដូវ​កាល​ចាស់​ជា​ម្ចាស់​ពាន​ស្បែក​ជើង​មាស រក​បាន ២៣ គ្រាប់​ស្មើ Mohamed Salah ដល់​តែ​ចូល​មក​ដល់​រដូវ​កាល​ថ្មី កីឡាករ​កូរ៉េ​ខាង​ត្បូង Son Heung-min បែរ​ជាប់​គាំង​ម៉ាស៊ីន មិន​អាច​រក​គ្រាប់​បាល់​សូម្បី​តែ​មួយ នៅ ៨ ប្រកួត​ដំបូង។ រហូត​ដល់​ថ្នាក់​លោក Antonio Conte ក៏​រាង​អស់​ជំនឿ ហើយ​សម្រេច​ដាក់​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ ៣០ ឆ្នាំ អង្គុយ​បម្រុង​នៅ​ប្រកួត​ទល់​ក្លឹប​បាត​តារាង Leicester City កាល​ពី​យប់​មិញ។

តែ​យ៉ាង​ណា​គ្រប់​យ៉ាង​ហាក់​ផ្ទុយ​ស្រឡះ​ពី​ការ​គិត ដោយ​ទម្រង់​លេង​គ្រាប់​ពេជ្រ​អាស៊ី Son ដូច​ត្រូវ​គេ​បត់ ១៨០ ដឺក្រេ ផ្លាស់​ពី​ស៊ុត​មិន​សម្រេច កាច់​មក​ក្លាយ​ជា​គ្រាប់​បាល់​កើត​ឡើង​ផ្ទួនៗ ត្រឹម​ពេល ១៣ នាទី​រក​បាន ៣ គ្រាប់។ នៅ​បញ្ចប់​តង់​ទី ១ លទ្ធផល​បណ្តោះ​អាសន្ន​រវាង​ក្រុម​ទាំង​ពីរ គឺ​ស្មើ ២-២ លុះ​ចូល​ដល់​តង់​បន្ទាប់ Rodrigo Bentancur ក៏​ថែម​គ្រាប់​បាល់​នាំ​មុខ​នៅ​នាទី ៤៧ ហើយ​រឿង​អស្ចារ្យ​ចាប់​កើត​ឡើង ក្រោយ​ការ​ផ្លាស់​ចូល​វត្តមាន​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង។

នៅ​នាទី ៥៩ Richarlison ចេញ ដាក់​ឲ្យ Son Heung-min ចូល​ជំនួស ហើយ​នៅ​នាទី ៧៣ ក៏​អាច​រក​បាន​គ្រាប់​បាល់​ដំបូង​ប្រចាំ​រដូវ​កាល រួច​រំលង​ដល់​នាទី ៨៤ ក៏​បន្ថែម​គ្រាប់​បាល់​ទី​ពីរ សុទ្ធ​សឹង​ជា​គ្រាប់​បាល់​គុណភាព សុទ្ធ​កាច់​ក្រៅ​ប្រអប់។ មិន​ទាន់​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ឆ្លង​តែ ២ នាទី​បន្ទាប់ ចង្វាក់​វាយបក​លឿនៗ​របស់ Spurs ក៏​កើត​ផល​ជា​ថ្មី ហើយ​អនុញ្ញាត​ឲ្យ Son អាច​ស៊ុត​គ្រាប់​បាល់​ទី ៣ ជា​គ្រាប់ Hat-trick បើក​ឆាក ប្រចាំ​រដូវ​កាល​នេះ។

៣ គ្រាប់​ត្រឹម​ចន្លោះ​ពេល ១៣ នាទី​ជា​រឿង​អស្ចារ្យ​មួយ​ហើយ តែ​អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ស្ងើច​សរសើរ គឺ​ក្រោក​ចេញ​ពី​កៅអី​បម្រុង ដែល​នេះ​បាន​រុញ​ឲ្យ​ឈ្មោះ​របស់ Son ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Spurs បង្កើត​ឡើង ១៤០ ឆ្នាំ​មក​ហើយ អាច​រក​បាន Hat-trickនៅ Premier League ក្នុង​នាម​ជា​កីឡាករ មិន​ជាប់​ជម្រើស ១១ នាក់​ដំបូង។

កំណត់ត្រា​នេះ បើ​រាប់​ជា​រួម​ធៀប​នឹង​ក្លឹប​ដទៃ​ទាំង​អស់ គឺ​ខកខាន​កើត​មាន​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៥ ដែល Steven Naismith ជា​កីឡាករ​បម្រុង​របស់ Everton ផ្លាស់​ចូល​មក​រក​បាន Hat-trick ទល់​ក្លឹប Chelsea យក​ឈ្នះ ៣-១។

បន្ថែម​ពី​នេះ​ដែរ វា​ក៏​ជា​គ្រាប់​បាល់ Hat-trick លើក​ទី ៤ របស់​ Tottenham ស៊ុត​ទល់​ក្លឹប​ Leicester City នៅ Premier League ដោយ​ពី​មុន​មក​មិន​ធ្លាប់​មាន​ការ​បញ្ចប់​ទី Hat-trick ណា​ទល់​ក្លឹប​ទោល​ច្រើន​ជាង​ជំនួប​នេះ​ឡើយ។

ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​លោក Antonio Conte ក៏​បាន​បញ្ជាក់​បែប​នេះ៖ “Son គេ​អត់​អាច​រក​បាន​គ្រាប់​បាល់​ទាល់​តែ​សោះ​នៅ​ដើម​រដូវ​កាល ហើយ​ថ្ងៃ​នេះ ១៣ នាទី រក​បាន ៣ គ្រាប់ អ៊ីចឹង​ខ្ញុំ​ក៏​និយាយ​បែប​លេង​សើច​ទៅ​កាន់​គេ ថា​ប្រកួត​ក្រោយ​គួរ​តែ​អង្គុយ​បម្រុង​ទៀត ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ​ជា​ថ្មី”។

គួរ​រំឭក​ឲ្យ​ដឹង​ ប្រកួត​បន្ទាប់​ក្លឹប​មាន់​ខ្នាយ​មាស​នឹង​ទទួល​ភារកិច្ច​ធំ នោះ​គឺ​ការ​ចូល​ជួប​ម្ចាស់ដី Arsenal នា​វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច ​ថ្ងៃ​សៅរ៍ ទី ០១ ​តុលា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT៕

ប្រភព៖ បរទេស​

 

 

 

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT