Conte ​ថា​ទំនង​ឱ្យ Son ​បម្រុង​ទៀត​សិន ព្រោះ​គេ​លេង​ល្អ​ពេល​ដូរ​ចូល​

​លោក​ Antonio Conte ​បាន​និយាយ​ថា​ទំនង​ជា​ដាក់​ឱ្យ​ខ្សែ​ប្រយុទ្ធ​ Son Heung-min ​ឱ្យ​បម្រុង​ទៀត ​ព្រោះ​ពេល​គេ​ប្ដូរ​ចូល​ទម្រង់​លេង​របស់​ក្រុម​មាន​ភាព​ប្លែក​និង​មុត​ស្រួច​ល្អ។

​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​លោក Conte ​ដាក់​ឱ្យ​បម្រុង​សិន​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Leicester City ​មុន​ពេល​ប្ដូរ​គេ​ចូល​នៅ​នាទី​៥៩​ក្នុង​តង់​ទី​២។ ​យ៉ាងណាមិញ ​ការ​ដូរ​ចូល​របស់​គេ​ពិត​ជា​មាន​ប្រសិទ្ធភាព​ល្អ​ណាស់។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​នេះ រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង​ឯ​ណោះ​ក្នុង​រយៈ​ពេល​ត្រឹម​១៤​នាទី​ប៉ុណ្ណោះ។ ​

ដោយសារ​តែ​ឃើញ​ដូរ​ចូល​លេង​ល្អ​និង​ជួយ​ក្រុម​បាន​ច្រើន​នេះ​ដែរ ​ទើប​បាន​ជា​លោក Conte ​និយាយ​បែប​លេង​សើច​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ដ​ជាមួយ Son ​នៅ​ថ្ងៃ​នេះ។ ​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់ ​ប្រសិន​បើ​គាត់​រក​បាន​៣​គ្រាប់​ក្នុង​ពេល​៣០​នាទី ខ្ញុំ​នឹង​ឱ្យ​គាត់​នៅ​បម្រុង​ទៀត ប៉ុន្តែ​នោះ​ជា​រឿង​ខ្ញុំ​និយាយ​លេង​ជាមួយ​គាត់​ទេ។ គាត់​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម គាត់​ក៏​ត្រូវ​ការ​សម្រាក​ខ្លះ​ដែរ ​មិន​អាច​លេង​បាន​ពេញ​ៗ​គ្រប់​ប្រកួត​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT