Ronaldo/Messi ធ្លាក់​លេខ​ហើយ នេះ​បញ្ជី​កីឡាករ​កើប​លុយ​ច្រើន​បំផុតទាំង ១០ ​ប្រចាំ​ឆ្នាំ ២០២២

បាល់ទាត់​ជា​កីឡា​មួយ​ប្រភេទ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​នៅ​ទូទាំង​សកលលោក ជា​ហេតុ​នាំ​ឲ្យ​កីឡាករ​អាជីព​ស្ថិត​នៅ​កម្រិត​កំពូល ក៏​រមែង​អាច​រក​បាន​ចំណូល​ជា​ច្រើន​រយ​លាន​ក្នុង​មួយ​ឆ្នាំៗ។ មិន​ត្រឹម​តែ​ប្រាក់​ចំណូល កើត​ចេញ​ពី​ញើស​ឈាម​ហូរ​ស្រក់​លើ​ទីលាន​បាល់ទាត់ ទៀតសោត​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​ក៏​អាច​ទាក់​យក​ចំណូល​ចេញ​ពី​ក្រុមហ៊ុន​ ជា​ម្ចាស់​ឧបត្ថម្ភ​ដទៃ​នៅ​ខាង​ក្រៅ​ទីលាន​ថែម​ទៀត​ផង។

បើ​តាម​ទិន្នន័យ​រៀបរៀង​ពី Sportico យើង​ធ្វើ​ការ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ១០ ដែល​អាច​រក​បាន​ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០២២៖

១០) Antoine Greizmann

អំពី​ប្រាក់​ពលកម្ម​សុទ្ធ កីឡាករ​បារាំង​រក​បាន ២២ លាន​ដុល្លារ/ឆ្នាំ ពី​ក្លឹប At Madrid&Barcelona ហើយ​ថែម ៥,៥ លាន​ដុល្លារ​ផ្សេង​ទៀត ពី​កិច្ច​ព្រមព្រៀង​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​ផ្សេងៗ​នៅ​ខាង​ក្រៅ នាំ​ឲ្យ​ចំណូល​សរុប ទទួល​បាន ២៧,៥ លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ។

៩) Kevin de Bruyne

ជា​កីឡាករ​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត ប្រចាំ​ក្លឹប Manchester City ដោយ​ទាំង​ប្រាក់​ពលកម្ម និង​កុងត្រា​ជាមួយ​ដៃ​គូ​សហការ សម្រាប់​កីឡាករ​បែលហ្សិក​អាច​រក​បាន ២៩ លាន​ដុល្លារ​នៅ​ឆ្នាំ ២០២២។ De Bruyne បាន​ទទួល​កិច្ច​ព្រមព្រៀង រវាង​ភាគី​ក្រុមហ៊ុន Nike, Credit Karma, Veo និង Secret Lab ជា​ដើម។

៨) Raheem Sterling

បច្ចុប្បន្ន​នៅ Chelsea គេ​អាច​រក​បាន ៣៨៤ ០០០ ដុល្លារ/សប្តាហ៍ នាំ​ឲ្យ​ចំណូល​ទាំង​ជាមួយ​ក្លឹប​ចាស់​ថ្មី ទទួល​បាន ២១,៤ លាន​ដុល្លារ បូក​នឹង​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Puma ផង ក៏​នាំ​ឲ្យ​ប្រាក់​រក​បាន​សរុប​ឡើង​ដល់ ២៩,៤ លាន​ដុល្លារ។

៧) Andres Iniesta

បើ​ទោះ​បី​ចាកចេញ​ពី​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ហើយ​ក្តី តែ​កីឡាករ​អេស្ប៉ាញ​ក៏​កំពុង​សម្ងំ​កើប​លុយ​ទាំង​បាច់​ជាមួយ​ក្លឹប​ Vissel Kobe នៅ​ឯ​ប្រទេស​ជប៉ុន។ កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នៅ​ខាង​ក្រៅ លេចលឺ​ថា Iniesta សហការ​ដល់​ទៅ​ ១០ ក្រុមហ៊ុន​ឯ​ណោះ ជា​ហេតុ​នាំ​ឲ្យ​ចំណូល​នៅ​ឆ្នាំ ២០២២ រក​បាន​ដល់​ទៅ ៣០ លាន​ដុល្លារ។

៦) Eden Hazard

ទម្រង់​លេង​ធ្លាក់​ចុះ​ទុក​មួយ​ឡែក តែ​ប្រាក់​ពលកម្ម​ដ៏​ក្រាស់ក្រែល​ Real Madrid នៅ​បន្ត​បើក​ឲ្យ​ដដែល។ នៅ​ឆ្នាំ ២០២២ នេះ កីឡាករ​បែលហ្សិក​រក​បាន​សរុប ៣១,៣ លាន​ដុល្លារ។

៥) Mohamed Salah

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្សីប ជាមួយ​ការ​បន្ត​កុងត្រា​ថ្មី ក៏​នាំ​ឲ្យ​ចំណូល​កាន់​តែ​កើន​ឡើង ហើយ​អាច​រំកិល​មក​ឈរ​លេខ ៥ ដោយ​ប្រាក់​ចំណូល​សរុប រក​បាន​ដល់​ទៅ ៣៩,៥ លាន​ដុល្លារ។ នេះ​កើត​ចេញ​ពី​ប្រាក់​ពលកម្ម​មួយ​ផ្នែក​ធំ ដែល Liverpool ផ្តល់​ឲ្យ ៤១៣ ០០០ ដុល្លារ​ថេរ​រៀងរាល់​អាទិត្យ។

៤) Neymar Jr

បើ​ធៀប​នឹង​កីឡាករ ៦ រូប​ពី​ខាង​លើ គឺ Neymar អាច​ទទួល​បាន​ចំណូល​ពី​ដៃ​គូ​ឧបត្ថម្ភ​ច្រើន​ជាង​គេ​បង្អស់ ដល់​ទៅ ៣៥ លាន​ដុល្លារ ហើយ​បូក​ប្រាក់​ឈ្នួល ៥៦ លាន​ដុល្លារ​ពី PSG ផង នាំ​ឲ្យ​ប្រាក់​ទទួល​បាន​សរុប​គឺ ៩១ លាន​ក្នុង​ឆ្នាំ​នេះ។

៣) Lionel Messi

កុងត្រា​នៅ​ក្លឹប PSG ក៏​កីឡាករ​អាហ្សង់ទីន​នៅ​បន្ត​រក​បាន​ប្រាក់​ឈ្នួល​ដ៏​ច្រើន​មហាសាល​ផង​ដែរ ពោល​ដល់​ទៅ ៦២ លាន​ដុល្លារ​ឯ​ណោះ ហើយ​ខាង​ក្រៅ​ទីលាន​ក៏​កើប​លុយ​ពី​ក្រុមហ៊ុន​ធំៗ​ដូច​ជា Socios, Adidas, Budweiser និង Mastercard ជា​ដើម នាំ​ឲ្យ​ចំណូល​រួម​ឡើង​ដល់ ១១០ លាន​ដុល្លារ​អាមេរិក។

២) Cristiano Ronaldo

បើ Messi មិន​ឈរ​លេខ ១ គឺ​មាន​តែ Ronaldo ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​ប្លែក CR7 បែរត្រឹម​ឈរ​លេខ​រៀង​ទី ២ ប៉ុណ្ណោះ ហើយ​រក​បាន​ប្រាក់​ចំណូល​សរុប ១១៣ លាន​ដុល្លារ។ ៥៣ លាន​កើត​ចេញ​ពី​ប្រាក់​ឈ្នួល​នៅ Man Utd និង ៦០ លាន​ផ្សេង​ទៀត ជា​ប្រាក់​ទទួល​បាន ពី​យីហោ​ល្បីៗ​ដែល​ជា​ដៃ​គូ​ឧបត្ថម្ភ។

១) Kylian Mbappe

ម្ចាស់​ជើង​ឯក World Cup ជំនាន់​ឆ្នាំ ២០១៨ ក្រោយ​ការ​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី​ឲ្យ PSG ក៏​ស្រាប់​តែ​រំកិល​ឈ្មោះ​មក​ឈរ​លេខ ១ ដែល​ចាំ​បាន​ថា កាល​ឆ្នាំ​ទៅ ២០២១ គេ​ឈរ​នៅ​លេខ​រៀង​ទី ៤ ឯ​ណោះ។

ប្រាក់​ឧបត្ថម្ភ​ខាង​ក្រៅ មិន​សូវ​ជា​កើន​ឡើង​ប៉ុន្មាន​ទេ តែ​ងំ​ត្រង់​ប្រាក់​ពលកម្ម PSG ផ្តល់​ឲ្យ​ ១០៥ លាន​ដុល្លារ/ឆ្នាំ នាំ​ឲ្យ​ចំណូល​រួម​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​លំដាប់​ទី ១ ក្នុង​លោក ទទួល​បាន​សរុប ១២៥ លាន​ដុល្លារ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT