UEFA កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ Premier League អាច​លេង​នៅ​ពាក់​កណ្ដាល​សប្ដាហ៍

មួយ​រយៈ​ក្រោយ​នៅ​ក្របខ័ណ្ឌ Premier League បាន​លើក​ពេល​ប្រកួត​ជា​បន្តបន្ទាប់ ដូច​ក្លឹប​ខ្លះ ខកខាន ២ ជុំ​ទៅ​ហើយ រាប់​មក​ទល់​ចុង​សប្ដាហ៍​នេះ។ ក៏​ដោយសារ​តែ​រដ្ឋាភិបាល​អង់គ្លេស​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ការ​គោរព​ចំពោះ​ការ​សោយទិវង្គត​របស់​ម្ចាស់ក្សត្រី Elizabeth II។

ជាក់ស្តែង​ដូច​ជំនួប Chelsea ទល់ Liverpool, Man Utd ទល់ Leeds United ជា​ដើម ត្រូវ​បាន​លើក​ពេល ដែល​នាំ​ឲ្យ​កាលវិភាគ​ប្រកួត​នឹង​កាន់​តែ​ស្មុគស្មាញ ហើយ​មិន​ច្បាស់​ថា​ត្រូវ​ពន្យារ​ទៅ​ដាក់​នៅ​ថ្ងៃ​បន្ទាប់​ណា​មួយ ដ្បិត​បើ​ពេលវេលា International Break ក៏​ត្រូវ​ចាប់ផ្តើម ​នៅ​កំឡុង​ពេល ២ សប្តាហ៍​ខាង​មុខ​នេះ​ទៀត។

ហេតុ​នេះ​ហើយ ខាង​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ក៏​ចង់​ជួយ​សម្រួល ជៀសវាង​ក្លឹប​នៅ Premier League ទាំង​អស់​មិន​អាច​សម្រេច​ទៅ​តាម​កាលវិភាគ​ប្រកួត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត World Cup នៅ​ឯ​ចុង​ឆ្នាំ។ ដំណោះស្រាយ​គឺ UEFA ចង់​អនុញ្ញាត​ឲ្យ​ក្លឹប​ដែល​បាន​លើក​ពេល អាច​បើក​ការ​ប្រកួត​នា​ពាក់​កណ្តាល នៅ​ចន្លោះ​ថ្ងៃ​អង្គារ ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ទូទៅ​តាម​ច្បាប់​បាល់ទាត់​អឺរ៉ុប ក្នុង​ដំណើរការ​ពាន​រង្វាន់ UEFA កំពុង​ចាប់ផ្តើម ក្លឹប​ទាំង​អស់​មិន​អាច​រៀបចំ​ការ​ប្រកួត​ណា​មួយ នៅ​ពាក់​កណ្តាល​សប្តាហ៍​បាន​ឡើយ។

តែ​នេះ​ក្នុង​ករណី​លើក​លែង និង​ដើម្បី​ជួយ​សម្រួល​ឲ្យ​គ្រប់​ការ​ប្រកួត​ទាំង​អស់​អាច​ប្រព្រឹត្តិ​ទៅ​ទាន់​ពេលវេលា អ៊ីចឹង​ជំនួប Premier League ក៏​រំពឹង​អាច​កើត​ឡើង​បាន​ទាំង​នៅ​ចុង​អាទិត្យ និង​ពាក់កណ្ដាល​សប្ដាហ៍​ព្រម​គ្នា​នៅ​ពេល​ខាង​មុខ​ណា​មួយ។ នេះ​យើង​រង់ចាំ​ការ​សម្រេច​របស់​គណៈកម្មការ​បាល់ទាត់​អឺរ៉ុប​ជា​មុន​សិន ថា​នឹង​អនុញ្ញាត​ជា​ផ្លូវការ​ឬ​អត់៕

ប្រភព៖ Daily Star

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT