ក្លឹប Chelsea នៅ​តែ​ចាប់​ចិត្ត​លើ​គោលដៅ​ចាស់ របស់​អតីត​គ្រូ Tuchel រូប​នេះ

បើ​ទោះ​បី​អតីត​គ្រូ​បង្គោល​លោក Thomas Tuchel ​បាន​ចាកចេញ​ទៅ​ហើយ​ក្តី តែ​កីឡាករ​គោលដៅ​លោក​ធ្លាប់​ចាប់​អារម្មណ៍ ក៏​បន្ត​ស្ថិត​ក្នុង​ការ​ចង់​បាន​ពី​សំណាក់​ថ្នាក់​លើ​មួយ​ចំនួន​នៃ​ក្លឹប Chelsea ដដែល ហើយ​រង់ចាំ​តែ​ពេលវេលា​ល្អ​មក​ដល់ និង​បើក​ការ​ចរចា​ជាក់​ជា​មិន​ខាន។

នោះ​គឺ Declan Rice សមាជិក​របស់​ក្លឹប​ញញួរ​ធំ West Ham United ដែល Tuchel បាន​ឃ្លាំ​មើល​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​អស់​កាល​ជា​យូរ តែ​ចរចា​មិន​បាន​សម្រេច ដ្បិត​អី​ខាង​ក្លឹប​អាណាព្យាបាល​ហាក់​មិន​បើក​ផ្លូវ​ទាល់​តែ​សោះ។ យ៉ាង​ណា​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ ក៏​ក្លឹប​ម្ចាស់ដី Stamford Bridge នឹង​ងាក​ទៅ​ជជែក​ម្តង​ទៀត តែ​សារ​នេះ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី លោក Graham Potter។

បើ​តាម​អ្នក​កាសែត​លោក Dean Jones បាន​ប្រាប់​ទៅ GiveMeSport យ៉ាង​ដូច្នោះ​ថា៖ “ការ​ចាកចេញ​របស់ Thomas Tuchel ពុំ​បាន​ផ្លាស់ប្តូរ​ចក្ខុវិស័យ​របស់ Chelsea ដែល​សម្លឹង​មើល​ Declan Rice ឡើយ នេះ​ក៏​នៅ​តែ​មាន​ថ្នាក់​លើ​ក្លឹប​បន្ត​ចាប់​អារម្មណ៍​លើ​កីឡាករ​រូប​នេះ​ដដែល ពោល​រង់ចាំ​តែ​ពេលវេលា​ល្អ​មក​ដល់​ប៉ុណ្ណោះ”។

គួរ​បញ្ជាក់​ដែរ​ថា ខាង West Ham ដាក់​តម្លៃ Rice ដល់​ ១៥០ លាន​ផោន ជា​ទំហំ​អាច​រុញ​ឲ្យ​គេ ក្លាយ​ជា​កីឡាករ​អង់គ្លេស​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បើ​អាច​សម្រេច​ទៅ​បាន។ នេះ​ Chelsea ទំនង​រង់ចាំ​ការ​ធ្លាក់​ថ្លៃ​បន្តិច​សិន ខណៈ​សុពលភាព​កុងត្រា​កីឡាករ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT