Ancelotti នឹង​មិន​ប្រថុយ​ដាក់​កីឡាករ​រូប​នេះ​ទេ នៅ​ជំនួប Madrid Derby ពេល​ខាង​មុខ

ជំនួប Madrid Derby ជា​ការ​ប៉ះ​គ្នា​រវាង​ក្លឹប​ក្រហម​ស Atletico Madrid ទល់​ក្លឹប​អធិរាជ​ស Real Madrid នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ចន្ទ​ទី ១៩ ​កញ្ញា ជា​ប្រកួត​ជុំ​ទី ៦ នៅ​ក្របខ័ណ្ឌ​ La Liga។ នេះ​ជា​ជួប​គ្នា​រវាង​ក្លឹប​ឈរ​កំពូល​តារាង ទល់​ក្លឹប​ឈរ​លេខ ៧ ហើយ​ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT។

យ៉ាង​ណា​ស្ថានភាព​របស់​ក្លឹប​ដឹកនាំ​ដោយ​លោក Carlo Ancelotti ក៏​បង្ហើប​ជា​មុន ជុំវិញ​វត្តមាន Karim Benzema ដែល​ថា​ភាគរយ​ទាប​ណាស់ អាច​មាន​កីឡាករ​បារាំង​មក​ចូលរួម។ ខណៈ​ពេល​នេះ គេ​កំពុង​ហ្វឹកហាត់​ដាច់​ដោយ​ឡែក ដើម្បី​តាមដាន​ស្ថានភាព​របួស តែ​ប្រហែល​មិន​អាច​ត្រៀម​លក្ខណៈ​ទាន់​ពេលវេលា​ឡើយ។

តាម​ការ​បញ្ជាក់​ពី​គ្រូ​សញ្ជាតិ​អ៊ីតាលី៖ “យើង​នឹង​បាន​ឃើញ​ថា​គេ​អាច​ហ្វឹកហាត់​ពេញ​លក្ខណៈ​ឬ​អត់ ដោយ​យើង​អត់​ប្រថុយ​ពេក​នោះ​ទេ បើ​គេ​អាច​ហ្វឹកហាត់​បាន​ល្អ នោះ​គេ​នឹង​បាន​លេង​ តែ​បើ​អត់​ទេ គឺ​នឹង​ពុំ​មាន​វត្តមាន​ឡើយ”។

នេះ​ប្រសិន​អវត្តមាន Benzema ក៏​ក្លឹប​ភ្ញៀវ​មិន​ជា​បារម្ភ​ពេក​ដែរ ដ្បិត​អី​ពីរ​ប្រកួត​មុន​ ក៏​មាន​កីឡាករ​ដទៃ​មក​បំពេញ ជាក់ស្តែង​អាច​ប្រើ Rodryo Goes ឬ Eden Hazard នៅ​ប្រយុទ្ធ​កណ្តាល ហើយ​ដាក់ Federico Valverde នៅ​ស្លាប​ស្តាំ និង Vinicius Jr នៅ​ស្លាប​ឆ្វេង ក៏​ឃើញ​ប្រព័ន្ធ​នេះ ឲ្យ​ផល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ការ​ប៉ះ​គ្នា​លើក​ចុង​ក្រោយ​នៅ​ចុង​រដូវ​កាល​មុន ខាង​ AT យក​ឈ្នះ ១-០ ទៅ​លើ Real ចុះ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​វិញ?

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT