Vinicius ​ថា​មិន​ញញើត​សម្ដី​របស់ Koke ​នោះ​ទេ

​ខ្សែ​ប្រយុទ្ធ Vinicius Jnr ​ថា​មិន​ញញើត​ចំពោះ​សម្ដី​របស់​កីឡាករ Koke ​នោះ​ទេ ​ហើយ​ថា​នឹង​បន្ដ​រាំ​ដាល់​មុខ​ទៀត ​ប្រសិន​បើ​រូបគេ​ស៊ុត​ចូល​ក្រុម Atletico Madrid ​នា​ចុង​សប្ដាហ៍​នេះ។

​Pedro Bravo ​ប្រធាន​សមាគម​ភ្នាក់ងារ​អេស្ប៉ាញ ​បាន​ហៅ Vinicius ​ថា​ធ្វើ​ដូច​ស្វា​នៅ​ពេល​គេ​ស៊ុត​ចូល​ទី​ដៃ​គូ ​ហើយ​អបអរ​ដោយ​ការ​រាំ​សប្បាយ​រីករាយ​នោះ។ ស្រប​ពេល​កីឡាករ Koke ​វិញ​ក៏​និយាយ​ស្រដៀង​គ្នា​នេះ​ដែរ។ ​ខ្សែ​បម្រើ​របស់​ក្រុម AT Madrid ​បាន​អះអាង​ថា​ប្រសិន​បើ​គេ​បន្ដ​រាំ​នៅ​ពេល​ស៊ុត​ចូល​ក្រុម​ខ្លួន ​នោះ​នឹង​មាន​រឿង​កើត​ឡើង​មិន​ខាន។ Koke ដាស់​តឿន​មិន​ឱ្យ Vinicius ​រាំ​ទៀត​នោះ​ទេ។

​ដោយ​ឡែក​សម្រាប់​រឿង​នេះ​ដែរ ​មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​និង​គាំទ្រ​ដល់ Vinicius ​ឱ្យ​បន្ដ​ធ្វើ​ទៀត ព្រោះ​ជា​សិទ្ធិ​របស់​គេ។ ​មួយ​វិញ​ទៀត ​សាមី​ខ្លួន​ក៏​បាន​ចេញ​មុខ​មក​បញ្ជាក់​ទៀត​ផង​ដែរ។ កីឡាករ​របស់​ក្រុម Real Madrid ​បាន​និយាយ​ថា​រូបគេ​នឹង​បន្ដ​ធ្វើ​បែប​នេះ​ទៀត​ក្នុង​ការ​អបអរ​គ្រាប់​បាល់ ​ដោយ​មិន​ខ្លាច​ចំពោះ​ការ​គំរាម​របស់ Koke ​អ្វី​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT