Ancelotti ថា​នឹង​ហែក​​ License គ្រូ​បង្វឹក​ចោល ហើយ​ចូល​និវត្ត បើ​កីឡាករ​រូប​នេះ មិន​អាច​រក​បាន ១០ គ្រាប់

បើ​និយាយ​តែ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប គឺ​សល់​តែ​ក្លឹប Real Madrid មួយ​ប៉ុណ្ណោះ ដែល​បន្ត​អត្រា​ឈ្នះ ១០០ ភាគរយ មិន​ថា​តែ​នៅ​ក្របខ័ណ្ឌ La Liga និង UEFA Champions League។ មិន​ដែល​ស្គាល់​រសជាតិ​ស្មើ ឬ​ចាញ់ ពោល​គ្រប់​ការ​ប្រកួត​ទាំង​អស់ មាន​តែ​ជ័យជម្នះ ហើយ​នេះ​ក៏​គួរ​អរគុណ​ជា​ពិសេស​ដល់​គុណភាព​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Carlo Ancelotti និង​ការ​ខិតខំ​របស់​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល។

តែ​យ៉ាង​ណា​នៅ ២ ប្រកួត​ចុងក្រោយ អ្នក​គាំទ្រ​ហាក់​ផ្ទុះ​ការ​ចាប់​អារម្មណ៍ និង​កោត​សរសើរ​មិន​ដាច់​ពី​មាត់ ដល់​ខ្សែ​បម្រើ​សញ្ជាតិ​អ៊ុយរុយហ្គាយ Federico Valverde។ កីឡាករ​វ័យ ២៤ ឆ្នាំ ហាក់​សកម្ម​ខ្លាំង តាំង​ពី​ប្រកួត​ទល់ Mallorca ដោយ​តំណែង​របស់​គេ​លើ​ទីលាន ត្រូវ​បាន​អ្នកចាត់ការ​បត់​ចេញ​ពី​បម្រើ​មក​កាន់​ប្រយុទ្ធ​ស្លាប ហើយ​លទ្ធផល​ចេញ​មក គឺ​នៅ​តែ​ល្អ​ឥត​ខ្ចោះ។

បន្ទាប់​ពី​កីឡាករ​សំខាន់ Karim Benzema ជួប​បញ្ហា​របួស ក៏​ស្រាប់អ្នកចាត់ការ​ Ancelotti នឹកឃើញចេះច្នៃ​ប្រើ​យុទ្ធសាស្រ្ត​ថ្មី ដោយ​ទាញ Valverde ឲ្យ​មក​លេង​នៅ​ប្រយុទ្ធ​ស្លាប​ស្តាំ ហើយ​ដាក់ Vinicius Jr នៅ​ខាង​ឆ្វេង​ដដែល ខណៈ​ដែល​តំបន់​ប្រយុទ្ធ​យក Rodryo មក​បំពេញ។ ផែនការណ៍​នេះ ឃើញ​ថា​បាន​ផល​ដូច​ការ​ចង់​បាន នៅ​ប្រកួត​ទល់ RB Leipzig ដែល​ Real Madrid យក​ឈ្នះ ២-០។

ងាក​ទៅ​មើល​ការ​លេង​របស់ កីឡាករ​ជំនាញ​ជើង​ស្តាំ មិន​ត្រឹម​តែ​ល្អ​នៅ​ប្រកួត​ទល់ Mallorca ប៉ុណ្ណោះ​ទេ ទៀតសោត​បន្ត​មក​ដល់​ក្របខ័ណ្ឌ Champions League ក៏​នៅ​តែ​អាច​រក​បាន​គ្រាប់​បាល់​ផង​ដែរ។ ស្ថិតិ​បង្ហាញ​ខ្លួន ៨ ប្រកួត​រដូវ​កាល​នេះ រក​បាន ៣ គ្រាប់​និង Assist ២ លើក ហើយ​កីឡាករ​កំពុង​ទទួល​បាន​ការ​សរសើរ​អស់​ពី​ចិត្ត ដល់​ថ្នាក់​អ្នកចាត់ការ ហ៊ាន​យក​ការ​ចូល​និវត្ត​មក​ប្តូរ​ជាមួយ​គ្រាប់​បាល់​របស់​កីឡាករ​ទៀត​ផង។

អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី និយាយ​កន្លង​ទៅ​ថា៖ “វា​ចម្លែក​ត្រង់​ថា ឆ្នាំ​ទៅ Valverde គេ​រក​បាន​តែ​មួយ​គ្រាប់​គត់ ហើយ​ខ្ញុំ​គិត​យូរ​ទៅ កីឡាករ​ល្អ​ដូច​ជា​គេ យ៉ាង​ហោច​ណាស់​គួរ​តែ​រក​បាន​តូច​បំផុត​ ១០ គ្រាប់/រដូវកាល អ៊ីចឹង​បើ​យើង​ជា​គ្រូ យើង​មិន​ចេះ​ច្នៃ​ប្រើប្រាស់​គេ​ឲ្យ​កើត​ផ្លែផ្កា​ទេ​នោះ ម្ល៉េះ​គួរ​តែ​ហែក​ចោល​អាជ្ញាប័ណ្ណ​គ្រូ​បង្វឹក ហើយ​ចូល​និវត្ត​តែ​ម្តង​ទៅ”។

លោក​បន្ត៖ “ដូច​គ្រាប់​បាល់​កន្លង​ទៅ គេ​ប្រើ​ជើង​ឆ្វេង ខ្ញុំ​អត់​ធ្លាប់​ឃើញ Valverde ធ្វើ​បាន​បែប​ហ្នឹង​ពី​មុន​មក​ទេ នេះ​កំពុង​បង្ហាញ​ពី​ភាព​ជឿជាក់ ពី​គុណភាព​ដ៏​ក្រាស់ក្រែល គេ​មាន​អ្វី​ផ្សេង​ទៀត​លើស​ពី​ថាមពល តែ​បើ​ឲ្យ​និយាយ​ថា គេ​កំពុង​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក នៅ​តំណែង​ដែល​កំពុង​លេង នោះ​យើង​ប្រហែល​ត្រូវ​រង់ចាំ​មើលបន្តិច​ទៀត សឹម​និយាយ​កើត”។

ងាក​ទៅ​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម​ឯ​ណោះ ក៏​និយាយ​ដែរ​ថា Valverde សក្តិសម​ជា​អនាគត​ប្រធាន​ក្រុម Real Madrid នៅ​ពេល​ខាង​មុខ ព្រោះ​នេះ​ជា​កីឡាករ​ដែល​អាច​លេង​បាន​ល្អ​ទាំង​តំណែង​ការពារ ​បម្រើ ឬ​សូម្បី​តែ​ជា​ស្លាប​ប្រយុទ្ធ ហើយ​ម្នាក់​នេះ​​មិនចេះ​ត្អូញត្អែរ ទោះ​មិន​សូវ​ទទួល​បាន​ពេលវេលា​ឈរ​ជើង​កន្លង​មក រួច​រឿង​ប្រាក់​ពលកម្ម​ក៏​មិន​ចេះ​រំអុក​ក្លឹប​ដូច​កីឡាករ​ដទៃ ចំណែក​អ្វី​ដែល​សំខាន់​មិន​ធ្លាប់​មាន​រឿង​អាស្រូវ​ពី​មុន​មក​ឡើយ។

គួរ​បញ្ជាក់​ដែរ​ថា Valverde ត្រូវ​បាន​ក្លឹប​ Real Madrid ទិញ​ចេញ​ពី​ក្លឹប​ដំបូង​របស់​គេ គឺ Penarol កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៦ ហើយ​យក​មក​ដុស​ខាត់ អភិវឌ្ឍ​ខ្លួន​នៅ​ថ្នាល Castilla អស់​ពេល​ ២ ឆ្នាំ មុន​សម្រេច​ដាក់​ឈ្មោះ​ឲ្យ​មក​លេង​នៅ​ឈុត​ធំ។ កាល​នោះ ក្លឹប​ចាយ​អស់​តែ ៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ ខុស​ពី​តួ​លេខ​ហាងឆេង​បច្ចុប្បន្ន កើន​ដល់ ៧០ លាន​អឺរ៉ូ ពោល​ជា​ទំហំ​ចំណេញ ១ គុណ​ជា ១៤ បើ​ក្លឹប​អេស្ប៉ាញ ព្រម​លក់​គេ​ចេញ៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT