Ben Foster ច្រាន​ចោល​សំណើ​ផ្លាស់​ទៅ​ក្លឹបមាន​បំផុត​ក្នុង​លោក ហើយ​ប្រកាស​ចូល​និវត្ត

ជា​ជាង​ការ​ផ្លាស់​ទៅ​ក្លឹប​បន្ទាប់ នៅ​ឯ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស ទី​បំផុត Ben Foster បាន​ប្រកាស​ព្យួរ​ស្រោម​ដៃ ​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​ជា​ផ្លូវការ។ អតីត​អ្នកចាំទី​វ័យ ៣៩ ឆ្នាំ បាន​ផុត​កុងត្រា​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន ជាមួយ​ក្លឹប​ចុង​ក្រោយ Watford កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ ២០២២។

យ៉ាង​ណា​ក៏​មាន​ក្លឹប​សេដ្ឋី​លំដាប់​ទី ១ ក្នុង​លោក ដែល​គេ​ស្គាល់​ជា Newcastle United បាន​ចាប់​អារម្មណ៍​មក​លើ​បុរស​សញ្ជាតិ​អង់គ្លេស​ផង​ដែរ តែ​សាមី​ខ្លួន​បែរ​បដិសេធ ក្រោម​ហេតុផល​មិន​ចង់​នៅ​ឆ្ងាយ​ពី​គ្រួសារ ហើយ​ជ្រើស​យក​ការ​ចូល​និវត្ត​តែ​ម្តង​ទៅ។

បើ​ផ្លាស់​ទៅ Newcastle ប្រហែល​ត្រូវ​ឈរ​ឈ្មោះ​ជា​អ្នកចាំទី​ដៃ​ទី​បី បន្ទាប់​ពី Nick Pope និង Karl Darlow។ លោក Foster និយាយ៖ “តាម​ថា​ខ្ញុំ​ក៏​មិន​ចង់​បដិសេធ​ដែរ [ការ​ច្រាន​ចោល​សំណើ​ក្លឹប Newcastle] តែ​ស្ថិត​ក្នុង​វ័យ​នេះ ឲ្យ​ខ្ញុំ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្រួសារ គឺ​ជា​រឿង​ដ៏​លំបាក​បំផុត”។

លោក​បន្ត៖ “វា​ជា​រឿង​ដែល​ពិបាក​នឹង​ពន្យល់ ជា​អារម្មណ៍​ដែល​ពិបាក​នឹង​បកស្រាយ​ទៅ​កាន់​មនុស្ស​រាល់​គ្នា ការ​ដែល​វា​ជា​កិច្ច​ព្រមព្រៀង​ល្អ​មួយ ហើយ​នេះ​ក្លឹប​មាន​បំផុត​ក្នុង​លោក ចង់​បាន​ខ្ញុំ តែ​ពេល​គិត​ដល់​ត្រូវ​ទៅ​រស់នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង នៅ Newcastle ឆ្ងាយ​ពី​គ្រួសារ គឺ​ខ្ញុំ​ធ្វើ​អត់​បាន​ទេ ណា​មួយ​ស្ថិត​ក្នុង​វ័យ​ស្រករ​ប៉ុណ្ណេះ​ហើយ”៕

ប្រភព៖ Sportsmole​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT