Haaland អាច​រក​បាន ១១៣ ​គ្រាប់​រដូវ​កាល​នេះ បើ​ឈរ​ជើង​គ្រប់​នាទី​ទាំង​អស់​លើ​ទីលាន

Erling Haaland កំពុង​រីករាយ​នឹង​ការ​ឈរ​ជើង​ឲ្យ​ក្លឹប​ថ្មី​មេឃ​ខៀវ Manchester City ហើយ​នៅ​ចំណុច​ចាប់ផ្តើម​ដំបូង គេ​បាន​បង្ហាញ​ផ្លែផ្កា​ខុស​ស្រឡះ​ពី​អ្វី​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​រិះគន់​ទុក​ជា​មុន។ គិត​មក​ទល់​ពេល​នេះ ឈរ​ជើង ៩ ប្រកួត កីឡាករ​ន័រវេស រក​បាន ១៣ ​គ្រាប់​និង Assist ១ លើក​ហើយ។

អត្រា​រក​គ្រាប់​បាល់​ គឺ​មាន​ដល់ ១,៨៦ ​គ្រាប់/ប្រកួត ពោល​រាប់​ជា​កីឡាករ​មាន​អត្រា​រក​គ្រាប់​បាល់​ខ្ពស់​បំផុត​ហើយ​ប្រចាំ​លីគ​កំពូល​ទាំង ៥ តំបន់​អឺរ៉ុប។ ​ស្ថិតិ​ដ៏​ល្អ​នេះ បើ​យុវជន​ខាង​លើ​អាច​បន្ត​រហូត​ដល់​ចប់​រដូវ​កាល ហើយ​ជួន​ពេល​ពេលវេលា​របស់​គេ​លើ​ទីលាន អាច​លេង​គ្រប់​ការ​ប្រកួត គ្រប់​នាទី​ទាំង​អស់ មិន​ថា​តែ​នៅ Premier League និង Champions League ជា​ដើម នោះ​អាច​កើន​ដល់​គ្រាប់​បាល់​ទី ១១៣ នៅ​រដូវ​កាល​ទោល​ក៏​ថា​បាន។

វា​ជា​ការ​ព្យាករណ៍​ដ៏​ខ្ពស់​មួយ ហើយ​ក៏​មិន​ធ្លាប់​មាន​កីឡាករ​រូប​ណា​ធ្វើ​បាន​ពី​មុន​មក​ដែរ។ ជាង​នេះ​ការ​លេង​នៅ Premier League ទល់​ក្លឹប​កំពូល​ជា​ច្រើន ដូច្នេះ​បើ​គ្រាប់​ពេជ្រ​វ័យ ២២ ឆ្នាំ អាច​ធ្វើ​បាន នោះ​គឺ​ជា​រឿង​អស្ចារ្យ​បំផុត​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

គួរ​បញ្ជាក់​ថា អតីតកាល​ធ្លាប់​មាន Lionel Messi ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​ទោល គឺ ២០១២ ដែល​មាន​ ៩១ គ្រាប់​នៅ​ការ​លេង​ឲ្យ​ក្លឹប Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន ចារ​កំណត់ត្រា​ថ្មី លោក​អ្នក​គ្រង​ចាស់ Gerd Muller ធ្វើ​បាន ៩៥ គ្រាប់ ឆ្នាំ ១៩៧២។ អ៊ីចឹង​ចាំ​មើល ខ្សែ​ប្រយុទ្ធ​ន័រវេស អាច​សាង​កេរ​ឈ្មោះ​នៅ​កំណត់ត្រា​ថ្មី​ដែរ​ឬ​យ៉ាង​ណា?

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT