Man Utd នឹង​ឲ្យ​លុយ Ten Hag ១០០ លាន​ផោន​នៅ​ខែ​មករា បើ​លក់ Ronaldo បាន​សម្រេច

បើ​ទោះ​បី​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ទើប​តែ​បិទ​ទ្វារ​ក្លឹប​ Manchester United បាន​ចំណាយ​លុយ​មួយ​ផ្នែក​ធំ​ហើយ​ក៏​ពិត​មែន តែ​ក្លឹប​ក៏​នឹង​នៅ​បន្ត​ផ្តល់​កញ្ចប់​ថវិកា​មួយ​ផ្នែក​ផ្សេង​ទៀត ដល់​អ្នកចាត់ការ​លោក Erik ten Hag សម្រាប់​ទីផ្សារ​ដោះដូរ ចូល​មក​ដល់​នៅ​ខែ​មករា ឆ្នាំ ២០២៣។

សមិទ្ធផល​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​ហូឡង់ ក៏​ឃើញ​ថា​បាន​ផល​ល្អ​គួរ​សម ជា​ពិសេស​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ Premier League។ លទ្ធផល​ត្រួសៗ​គិត​ត្រឹម​ពេល​នេះ United ឈរ​លេខ ៥ ឈ្នះ ៤ ស្មើ ២ មាន ១២ ពិន្ទុ ចាញ់ ៣ ពិន្ទុ​ធៀប​នឹង​ក្លឹប​ឈរ​កំពូល​តារាង Arsenal រី​ឯ​នៅ UEL មាន ៣ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល E។

បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា ក្លឹប​ម្ចាស់ដី Old Trafford បាន​ត្រៀម​កញ្ចប់​ថវិកា ៧០ លាន​ផោន​បន្ថែម ឲ្យ Ten Hag ចាយវាយ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា បើ​លក់​ Cristiano Ronaldo បាន​សម្រេច​នៅ​ពេល​នោះ ក៏​នឹង​រំពឹង​បន្ថែម​លុយ ៣០ លាន​ផោន ដូច្នេះ​ទទួល​បាន ១០០ លាន​ផោន លើ​ការ​ចាយវាយ​នាំ​ចូល​កីឡាករ​ថ្មី។

រំឭក​ថា កាល​ពី​រដូវ​ក្តៅ Ten Hag ចាយ​អស់ ២១៥ លាន​ផោន​រួច​មក​ហើយ ជាក់ស្តែង​ត្រឹម​តែ​ Lisandro Martinez និង Casemiro កីឡាករ​ប្រេស៊ីល​ទាំង​ពីរ​អស់ ១២០ លាន​ផោន។ អំពី​ការ​នាំ​យក​អ្នក​ថ្មី ក្លឹប​ក៏​តម្រូវ​ឲ្យ​ដក​ចេញ​អ្នក​ចាស់​មួយ​ចំនួន​ផង​ដែរ ជៀសវាង​ការ​ចាយ​ល្មើស​ច្បាប់​ហិរញ្ញវត្ថុ FFP ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​ឲ្យ​កីឡាករ​ក្នុង​ក្រុម ដូច្នេះ​ការ​ផ្ទេរ Ronaldo ចេញ​ម្នាក់ ឬ​អាច​ដក​ឈ្មោះ​កីឡាករ​មិន​សំខាន់​មួយ​ចំនួន គឺ​ពិត​ជា​រឿង​ចាំ​បាច់៕

ប្រភព៖ TalkSPORT

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT