ចង់​ដក​តំណែង​ Allegri តែ​ក្លឹប​ស្ទើរ​លុយ ជម្រើស​ចុង​ក្រោយ​ Juventus មាន​តែ​លេង​ផ្លូវ​នេះ

ក្លឹប​សេះ​បង្កង់ Juventus ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ មិន​ថា​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី Serie A និង​ក្របខ័ណ្ឌ​អឺរ៉ុប UEFA Champions League។ រដូវ​កាល​ថ្មី ២០២២/២៣ ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Massimiliano Allegri កំពុង​ធ្វើ​ឲ្យ​ក្លឹប​ឈរ​លេខ ៨ នៅ​តារាង ឈ្នះ ២ ស្មើ ៤ មាន ១០ ពិន្ទុ ស្រប​ពេល​នៅ​ពូល H ក្របខ័ណ្ឌ UCL ឈរ​លេខ ៣ មាន ០ ពិន្ទុ ប្រឈម​ខ្ពស់​នឹង​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល។

លទ្ធផល​ដ៏​អាក្រក់​នេះ ក៏​នាំ​ឲ្យ​ថ្នាក់​លើ​ក្លឹប​គិត​ចង់​ដក​តំណែង​គ្រូ​សញ្ជាតិ​អ៊ីតាលី​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ស្តារ​ស្ថានការណ៍​ឡើង​វិញ ក៏​ប៉ុន្តែ​បើ​ក្រឡេក​ទៅ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្លឹប គឺ​មិន​ស៊ី​ចង្វាក់​គ្នា​ទាល់​តែ​សោះ។ បើ​តាម​របាយការណ៍​ពី Sky Sport Italia ចុះ​ផ្សាយ ក្លឹប Juventus ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បញ្ចេញ​កញ្ចប់​ថវិកា​ធំ ដើម្បី​ផ្តាច់​កុងត្រា​មុន​កាល​កំណត់​របស់​អ្នកចាត់ការ​បច្ចុប្បន្ន​ឡើយ។

Allegri មាន​កុងត្រា ៤ ឆ្នាំ ហើយ​មួយ​រដូវ​កាល​រក​បាន ៩ លាន​អឺរ៉ូ នេះ​បើ​ទោះ​បី​ដឹកនាំ​មិន​បាន​ល្អ ក៏​ក្លឹប​ត្រូវ​ផ្តាច់​កុងត្រា​ចាយ​លើស​ពី ១០ លាន​អឺរ៉ូ​យ៉ាង​តូច​ដែរ ប្រសិន​ចង់​បញ្ចប់​តំណែង​បុរស​សញ្ជាតិ​អ៊ីតាលី។ ឥឡូវ​មធ្យោបាយ​ចុង​ក្រោយ ដោយ​ឃើញ​ទាល់​ខ្លាំង ក្លឹប​ក៏​សម្រេច​កែប្រែ​តាម​រយៈ​មូលដ្ឋាន​ដឹកនាំ​ពី​ខាង​ក្រោម​មក​វិញ មាន​ន័យ​ថា ដក​តំណែង​បុគ្គលិក ឬ​ជំនួយ​ការ​គ្រូ​បង្វឹក​មួយ​ចំនួន​ចេញ ហើយ​រក​អ្នក​ថ្មី​មក​ជំនួស ដោយ​ជឿ​ថា​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន។

ប្រកួត​បន្ទាប់​របស់​ Juventus គឺ​នៅ​វេលា​ម៉ោង ០៨:០០ នាទី​យប់ ​ថ្ងៃ​អាទិត្យ​ទី ១៨ ​កញ្ញា ទល់​ក្លឹប​ម្ចាស់ផ្ទះ Monza ជា​ប្រកួត​ជុំ​ទី ៧ នៅ​ក្របខ័ណ្ឌ Serie A ហើយ​ត្រូវ​សម្រាក​មួយ​រយៈ​ពេល​សិន កំឡុង​ International Break មុន​ត្រលប់​ជា​ថ្មី​នៅ​ដើម​ខែ​ក្រោយ៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT