ទើប​យក​បាន​មិន​ដល់​មួយ​ខែ Liverpool ត្រៀម​ចង់​លក់​ចេញ​កីឡាករ​រូប​នេះ​វិញ​ហើយ

ក្លឹប​ហង្ស​ក្រហម Liverpool ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​ផែនការណ៍​ចង់​លក់​ចេញ Arthur Melo កាត់​ទៅ​ឲ្យ​ក្លឹប​ចាស់ Juventus របស់​គេ​វិញ នៅ​ពេលវេលា​កុងត្រា​សេសសល់​ខាង​មុខ។ នេះ​ក្លឹប​ដឹកនាំ​ដោយ​លោក Jurgen Klopp ទើប​តែ​យក​ខ្សែ​បម្រើ​ខាង​លើ នៅ​ដើម​ខែ​កញ្ញា នា​ថ្ងៃ​ចុង​ក្រោយ​បិទ​ទីផ្សារ​ដោះដូរ។

ទោះ​ជា​យ៉ាង​ណា របៀប​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ មើល​ទៅ​មិន​ស៊ីចង្វាក់​នឹង​ការ​លេង​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ទាល់​តែ​សោះ ហើយ Liverpool ក៏​ដឹង​មុន​ហើយ​ដែរ ថា​ការ​យក Arthur គឺ​បង្ខំ​ចិត្ត និង​ទំនុក​បម្រុង​ក្នុង​ករណី​ចាំ​បាច់​តែ​ប៉ុណ្ណោះ។ នេះ​វា​គាប់​ជួន​កីឡាករ​នៅ​តំបន់​ស្នូល​រង​របួស​ច្រើន​ពេល​មុន​នោះ ដូច Thiago Alcantara, Naby Keita, Jordan Hendereson និង Alex Oxlader-Chamberlain។

ក្នុង​កិច្ច​ព្រមព្រៀង ក្លឹប​ម្ចាស់ដី Anfield ខ្ចី​ជើង​បុរស​វ័យ ២៦ ឆ្នាំ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ តែ​ផែនការណ៍​ថ្មី​របស់ Liverpool ​ប្រសិន​ក្នុង​ខែ​មករា ក្លឹប​អាច​ចុះ​ហត្ថលេខា​យក​បាន​ខ្សែ​បម្រើ​ពេញ​លក្ខណៈ​មួយ​រូប នោះ​នឹង​បង្វិល​ឈ្មោះ​កីឡាករ​ខាង​លើ ទៅ​ឲ្យ​ក្លឹប​ចាស់​នៅ​ឯ​អ៊ីតាលី​វិញ ជា​ជាង​រក្សា​គេ​ទុក​ដល់​ផុត​កុងត្រា​ខ្ចី​ជើង ព្រោះ​អី​ក្លឹប​គ្មាន​បំណង​ទិញ​ផ្តាច់​នៅ​តម្លៃ​ជាង ៣២ លាន​ផោន​ឡើយ។

គោលដៅ​កីឡាករ​ចង់​បាន មាន Jude Bellingham ស្ថិត​ក្នុង​រ៉ាដា​អាទិភាព តែ​មិន​ច្បាស់ Dortmund ព្រម​ព្រលែង​ងាយៗ ខណៈ Nicolo Barella របស់ Inter Milan និង Ibrahim Sangare របស់ PSV Eindhoven ក៏​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​លោក Klopp៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT