U20 ​ចាញ់​មែន ​តែ​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​ទម្រង់​លេង​ល្អ​ខ្លាំង

​ក្រុម U20 កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម U20 ​លីបង់​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់​កម្រិត​ទ្វីប​អាស៊ី 2023 AFC U-20 Asian Cup qualification។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​កម្ពុជា​បាន​របូត​គ្រាប់​បាល់​នៅ​នាទី​ទី​៨​ដើម​តង់​ទី​១ ​ដោយ​កីឡាករ Mohammad Sadek ​ជា​អ្នក​ធ្វើ​បាន​សម្រេច។ ​ក្រោយ​ពី​របូត​១​គ្រាប់​នោះ​ទៅ ក្រុម U20 ​កម្ពុជា​បាន​ព្យាយាម​រក្សា​ទម្រង់​លេង​និង​កែប្រែ​ស្ថានភាព​ឡើង​វិញ ​មិន​ឱ្យ​ក្រុម​លីបង់​មាន​ឱកាស​ទម្លាយ​សំណាញ់​ទី​ទៀត​នោះ​ទេ។ មួយ​វិញ​ទៀត ពួកគេ​ក៏​ព្យាយាម​សម្រុក​ទៅ​វិញ​ដើម្បី​រក​គ្រាប់​បាល់​ដែរ ប៉ុន្តែ​មិន​អាច​កើត​មាន​ឡើង​បាន​ឡើយ។ ចប់​ការ​ប្រកួត ​U20 ​កម្ពុជា ​ចាញ់​ក្រុម U20 ​លីបង់​ក្នុង​លទ្ធផល ១-០។

​ជាមួយ​ទម្រង់​លេង​នៅ​យប់មិញ​នេះ ​អ្នក​គាំទ្រ​នៅ​កម្ពុជា​បាន​សរសើរ​ការ​ហ៊ាន​លេង​របស់​ក្រុម U20 ​ខ្លាំង ទោះ​ជា​ប៉ះ​ក្រុម​ខ្លាំង​កម្រិត​លីបង់ ក៏​ពួកគេ​ព្យាយាម​បង្កើត​ឱកាស​ផង​ដែរ។ ​កម្ពុជា​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ទៀត ដោយ​ប៉ះ​ក្រុម​សិង្ហបុរី​ប្រកួត​បន្ទាប់ ​និង​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​តាជីគីស្ថាន​នៅ​ប្រកួត​ចុង​ក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT