ក្លឹបមេឃខៀវ Manchester City កំពុងនាំមុខដល់ទៅ ៦ ពិន្ទុ លើក្លឹបតោខៀវ Chelsea និងហង្សក្រហម Liverpool ដែលនេះកាន់តែផ្តល់ក្តីសង្ឃឹម ក្នុងការប្រជែងយកពាន Premier League រដូវកាល ២០២១/២២ សម្រាប់ក្រុមលោក Pep Guardiola។
យ៉ាងណាកន្លងទៅ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក៏បានលើកឡើងពីចំណុចខ្សោយនៃក្រុមខ្លួន និងបង្ហាញពីចំណុចខ្លាំងរបស់ Liverpool ដែលជឿថា City មិនអាចប្រៀបទៅនឹងពួកគេបានឡើយ។ Pep ដែលទើបតែដឹកនាំក្រុមយកឈ្នះ Leeds United ៦-៣ ថ្ងៃមុន និយាយ៖ “និយាយពីប្រព័ន្ធការពារយើងអត់ខ្លាំងទេ ជាពិសេសការលេងបាល់ជាបុគ្គល នៅតំបន់ខាងក្រោម ខ្ញុំទទួលស្គាល់ យើងមិនមានជាក្រុមមានប្រព័ន្ធការពារដ៏ល្អបំផុតមួយឡើយ”។
លោកបន្ត៖ “រីឯការវាយសម្រុក ក៏យើងអត់អាចប្រយុទ្ធបានរហ័ស ដូចជា Liverpool ដែរ និយាយទៅពួកគេជំនាញខាងហ្នឹងហើយ តែពួកយើងវិញគឺអត់ទេ ដោយក្រុមរបស់យើងបង្កើតឱកាសបានតិច ហើយមានតែការបញ្ជូនបាល់ច្រើន និងការអត់ធ្មត់ខ្ពស់ប៉ុណ្ណឹងឯង”។
បញ្ជាក់ថា City នៅប្រកួតបន្ទាប់ ពួកគេនឹងត្រូវប៉ះ Brentford នៅវេលាទាបភ្លឺ ឈានចូលថ្ងៃទី ៣០ ធ្នូ ខណៈដែល Liverpool នឹងត្រូវប៉ះ Chelsea នាវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃអាទិត្យ ទី ២ មករាខាងមុខ៕
ប្រភព៖ Sportskeeda