ខ្សែការពារ Gerard Pique បានអះអាងជាថ្មីថា DNA របស់ក្រុម Barcelona គឺប្រយុទ្ធដល់នាទីចុងក្រោយ មិនបោះបង់ចោលការប្រជែងពានរង្វាន់នោះទេ។
ក្រោយពីយកឈ្នះលើក្រុម Villarreal បានក្នុងលទ្ធផល ៤-១ ហើយទម្រង់លេងប្រសើរឡើងវិញនោះ ខ្សែការពារ Gerard Pique បានអះអាងថាការប្រជែងពានរង្វាន់មិនទាន់បញ្ចប់នោះទេ។ អតីតកីឡាករ Man Utd ខាងលើនេះ និយាយថាក្រុម Barcelona នឹងបន្ដប្រឹងប្រែងប្រយុទ្ធរហូតដល់នាទីចុងក្រោយនៃលីគ មិនបោះបង់ចោលជាដាច់ខាតបើទោះជាសល់ត្រឹម៤ប្រកួតទៀតក៏ដោយ។
នៅសល់ត្រឹម៤ប្រកួតទៀតនឹងចប់រដូវកាលនេះ តែបើងាកមើលតារាងវិញ ក្រុម Barcelona កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ដោយចាញ់ក្រុមកំពូលតារាង Real Madrid ៤ពិន្ទុឯណោះ។ ដូច្នេះ Real Madrid ត្រូវការតែ៨ពិន្ទុទេ ពីការប្រកួត៤ប្រកួតនេះ គឺពួកគេនឹងក្លាយជាជើងឯកហើយ៕ប្រភព Marca