Real Madrid ត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងជាមួយនឹងខ្សែការពារសញ្ជាតិកាណាដា Alphonso Davies កាលពីឆ្នាំមុនដោយមនុស្សជាច្រើនរំពឹងថាគាត់នឹងមកដល់នៅរដូវក្តៅនេះ។ ទោះបីយ៉ាងណាក៏ដោយ ពេលនេះមើលទៅមិនទំនងនឹងអាចកើតឡើងទេ នេះបើយោងតាមព័ត៌មានចុងក្រោយបំផុតនៅក្នុងរដ្ឋធានីអេស្ប៉ាញ។Davies មិនបានបន្តកុងត្រាជាមួយ Bayern Munich ទេ ដោយនៅសល់កុងត្រាចាស់តែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយត្រូវបានគេរាយការណ៍ថាគាត់មានកិច្ចព្រមព្រៀងផ្ទាល់មាត់លើលក្ខខណ្ឌមួយចំនួនជាមួយReal Madridរួចហើយផងដែរ។ ភាគីខាងBayern Munich បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើDavies មិនបន្តកិច្ចសន្យារបស់គាត់ទេ នោះពួកគេនឹងដាក់លក់គាត់នៅរដូវក្តៅនេះ។
ទន្ទឹមនឹងនេះដែរក្លឹប Real Madrid ក៏គ្រោងនឹងចុះហត្ថលេខាលើគាត់ក្នុងតម្លៃចន្លោះពី 30 ទៅ 40 លានអឺរ៉ូនៅរដូវក្តៅនេះ ប៉ុន្តែកាសែតRelevo បានបង្ហាញថាទំនាក់ទំនងរវាង Davies និង Real Madrid ហាក់មានភាពស្រពិចស្រពិលនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កិច្ចព្រមព្រៀងអាចនឹងទៅរួចប្រសិនបើ Ferland Mendy ចាកចេញនៅចុងបញ្ចប់រដូវកាលនេះ ។
ហេតុផលនៃការផ្លាស់ប្តូរអាទិភាពរបស់Real Madridចំពោះ Davies ក៏ព្រោះតែការបង្ហាញទម្រង់លេងដ៏ភ្ញាក់ផ្អើលរបស់ Mendy គួបផ្សំនឹងភាពធូរស្បើយរបួសរបស់ David Alaba និងការចាកចេញរបស់ Nacho Fernandez មានន័យថាពួកគេនឹងផ្តោតសំខាន់លើការចុះហត្ថលេខាលើខ្សែការពារកណ្ដាល Leny Yoro ពី Lilleវិញនៅរដូវក្តៅនេះ។