ផុតចូលឆ្នាំ អ្នកគាំទ្របាល់ទាត់ក៏ដល់ពេលចាំអ៊ុតមើលលទ្ធផលជើងទី ២ គូសំខាន់នាពាក់កណ្តាលសប្តាហ៍នៅ Champions League វិញម្តង ហើយក្នុងចំណោមនោះ ខ្លះពិតជាពិបាកនឹងធ្វើចិត្តព្រោះត្រូវបង្ខំមើលមួយធ្លាក់ មើលមួយឡើង ដ្បិតអីសុទ្ធជាគីឡូធ្ងន់ដែលសមតែជួបនៅវគ្គផ្ដាច់ព្រ័ត្រ ឥឡូវបែរមកត្រូវធ្លាក់ត្រឹមវគ្គ ៨ ក្រុម។
Man City ទល់ Real Madrid នៅឯកីឡដ្ឋាន Etihad Stadium នាវេលាម៉ោង ០២:០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ទី ១៨ មេសា ជាកាលបរិច្ឆេទប្រកួតជើងទី ២ ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS បន្ទាប់ការស្មើជើងទី ១ ដោយលទ្ធផល ៣-៣។ មានរូបភាពដ៏គួរឲ្យចៃដន្យ ដែលម្នាក់ៗពិតជាចង់ឃើញ ថាវានឹងអាចកើតឡើងម្តងទៀតដែរឬយ៉ាងណា សម្រាប់ស្តេចស Madrid ស្របពេលដែលកន្លងមក ធ្លាប់បំបាក់គីឡូយក្សដល់ទៅ ២ រួចហើយ។
តើអ្នកដឹងទេ ប្រវត្តិជួបគ្នារវាងក្លឹបទាំងពីរសរុប ១២ លើក ដោយចំណោមនោះ មាន ៥ លើកតតាំងនៅឯកីឡដ្ឋានក្នុងទីក្រុង Manchester ខៀវ ហើយលទ្ធផលខាងម្ចាស់ផ្ទះបានយកឈ្នះ ៣ ស្មើ ២ តួយ៉ាងលទ្ធផលឈ្នះ ៤-០, ៤-៣, ២-១ និងការស្មើ ០-០ ដូចគ្នា ១-១។
នេះវាមានន័យថា ការប្រកួតនៅ Etihad ខាងភ្ញៀវ Madrid ឥតទាន់ស្គាល់ជ័យជម្នះសូម្បីម្តង ដ្បិតបើកន្លងមកធ្លាប់ហូបគីឡូធ្ងន់ស្រាលដល់ក្នុងដី សឹងរាបអស់ហើយនៅទូទាំងតំបន់អឺរ៉ុប រហូតបានជាប់ឈ្មោះជាស្តេចពាន UCL បន្ទាប់ការលើក ១៤ សម័យ។
យ៉ាងណាបើនិយាយអំពីរឿងចៃដន្យលើកទី ៣ ដែលគ្រប់គ្នាកំពុងចាំអ៊ុតមើលនោះវិញ គឺត្រង់ថា កាល៖
លើកទី ១ នាឆ្នាំ ២០១៣ គ្រា Bayern Munich ឈ្នះជើងឯក Champions League
ចូលដល់ឆ្នាំបន្ទាប់ ២០១៤ ក៏ Real Madrid ឯណេះ បានបំបាក់ក្លឹបការពារជើងឯក Bayern ខាងលើ នៅឯ Allianz Arena ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ [លទ្ធផលកាលនោះគឺស្តេចស យកឈ្នះ ៤-០ នៅទីក្រុង Munich ហើយបន្តឆ្ពោះទៅដល់ការឈ្នះពាន]
ចូលលើកទី ២ នាឆ្នាំ ២០២១ គ្រា Chelsea ឈ្នះជើងឯក Champions League
ចូលដល់ឆ្នាំបន្ទាប់ ២០២២ ក៏ Real Madrid ឯណេះ បានបំបាក់ក្លឹបការពារជើងឯកម្តងទៀតហើយ ក៏ជាកត់ត្រាជ័យជម្នះលើកដំបូងនៅ Stamford Bridge [លទ្ធផលកាលនោះគឺស្តេចស បានយកឈ្នះ ៣-១ ហើយក៏បន្តឆ្ពោះទៅដល់ការលើកពានរង្វាន់] ផងដែរ
ឥឡូវចូលដេប៉ាដដែលនេះទៀត គឺ City ជាក្លឹបការពារជើងឯកឆ្នាំចាស់ មកត្រូវប៉ះក្លឹបដឹកនាំដោយលោក Carlo Ancelotti នាជើងទី ២ នៅឯ Etihad Stadium ខាងមុខ។ បើវាចៃដន្យ ឬជាអភិនិហាមែន នោះថាមិនត្រូវមើលមិនឃើញ ២០២៤ នឹងក្លាយជាការកត់ត្រាប្រវត្តិសាស្រ្តយកឈ្នះម្ចាស់ដី City ជាលើកដំបូង ហើយ Real បន្តដល់ការឈ្នះពានរង្វាន់ក៏ទៅរួច។
ចុះការទស្សន៍ទាយរបស់បងប្អូនយើងវិញ គិតថារឿងនេះ វាអាចកើតឡើងដែរទេ ឬក៏ក្លឹបភ្ញៀវ Madrid ត្រូវហែលបរាជ័យចាស់ មិនអាចកែបណ្តាសារដ៏អាក្រក់មួយនោះបាន?
ប្រភព៖ បរទេស