ប្រេស៊ីល ​ចង់​លេង​ប្រយុទ្ធ​៣ ដោយ​ដាក់ Neymar Jesus ​និង Willian

លោក Tite ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​ចង់​ដាក់​កីឡាករ​លេង​ប្រយុទ្ធ​៣​នាក់ ​ដោយ​ក្នុង​នោះ  Neymar Jesus ​និង Willian ​ជា​ជម្រើស​ដំបូង។

Willian ​ត្រូវ​បាន​គេ​ឃើញ​ថា​កំពុង​ហ្វឹកហាត់​លេង​ប្រយុទ្ធ​៣​នាក់ ​ជាមួយ​Neymar ​និង Jusus ។ ដោយ​ឃើញ​ដូច្នេះ ​ទើប​គេ​មាន​ចង្ងល់​ថា​តើ​ប្រេស៊ីល​ទៅ​លេង​នៅ World Cup ​ឆ្នាំ​នេះ​ចង់​លេង​​ប្រយុទ្ធ​៣​នាក់​ឬ​យ៉ាង​ណា? ជាក់​ស្ដែង ​គឺ​ពិត​ជា​ចង់​លេង​ប្រយុទ្ធ​៣​នាក់​មែន ដោយ​លោក Tite ​បាន​បញ្ជាក់​ថា​ការ​ហ្វឹកហាត់​ធ្វើ​ឡើង​ច្រើន​ថ្ងៃ​មក​ហើយ។

លោក Tite ​បាន​បង្ហើប​ទៀត​ថា ​ទម្រង់​លេង​ក្រុម​ប្រេស៊ីល​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​រហូត​នៅ World Cup ​ខាង​មុខ​នេះ។ ក្រុម​ប្រេស៊ីល ​មាន​កីឡាករ​គ្រប់គ្រាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​ទម្រង់​លេង ហើយ​លោក​រំពឹង​ថា Neymar ​នឹង​ជា​សះស្បើយ​១០០​% ដើម្បី​អាច​ចូល​ជួយ​ក្រុម​បាន។

ខ្សែ​ប្រយុទ្ធ​ក្រុម PSG ​ដែល​ក្លឹប Real Madrid ​កំពុង​ចង់​បាន​រូប​នេះ ​រង​របួស​តាំង​ពី​ខែ​កុម្ភៈ​មក ​ហើយ​ទើប​តែ​បាន​ចូល​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នេះ​ទេ ដើម្បី​បាន​ទៅ​លេង​នៅ World Cup ​នា​ប្រទេស​រុស្ស៊ី​ខែ​ក្រោយ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT